(ភ្នំពេញ)៖ របបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន អៀង សារី និង នួន ជា គឺជារបបមួយបានធ្វើទុក្ខទារុណកម្ម បំបិទសិទ្ធិសេរីភាព និងកាប់សម្លាប់ជីវិតពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃជាទីបំផុត។ ប្រជាពលរដ្ឋត្រូវបានបង្ខំឱ្យធ្វើការងារយ៉ាងទារុណ ហូបមិនឆ្អែត និងរងនូវការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង។
ត្រឹមរយៈពេលជិត៤ឆ្នាំប្រជាពលរដ្ឋខ្មែរចាស់ក្មេងសរុបជិត ២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែមិនអាចទ្រាំចំពោះទារុណកម្ម ការអត់ឃ្លាន ជំងឺតម្កាត់ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ថាជាខ្មាំងនោះ។ ក្រៅពីការកាប់សម្លាប់ហើយនោះ របបខ្មែរក្រហម បានធ្វើឱ្យប្រជាពលរដ្ឋត្រូវនិរាសព្រាត់ប្រាស់គ្នាយ៉ាងខ្លោចផ្សារជាទីបំផុត។ របបដឹកនាំដោយបនប្រល័យពូជសាសន៍នេះ បានធ្វើឱ្យជីវិតប្រជាពលរដ្ឋខ្មែរប្រៀបដូចជាស្ថិតក្នុងឋាននរកទាំងនៅរស់។
ព្រោះតែក្តីវេទនាមិនអាចគណនាបានក្រោមការដឹកនាំរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត នេះ ប្រជាពលដ្ឋខ្មែរតែងលួចបន់ព្រះសំពះទេវតាស្វែងរកអ្នកជ័យសង្គ្រោះជីវិតរបស់ពួកគេឱ្យរួចផុតពីជីវិតដ៏សែនវេទនានោះ។ ព្រោះតែមិនអាចទ្រាំជាមួយទុក្ខវេទនា ការជិះជាន់ និងកាប់សម្លាប់គ្មានត្រាប្រណីរបស់បនប្រល័យពូជសាសន៍នេះ ខ្មែរអ្នកតស៊ូដោយមានកងទ័ពវៀតណាមជាបង្អែក បានប្រយុទ្ធ និងវាយផ្តួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ពលរដ្ឋខ្មែរដែលបានរួចចេញគុកឥតជញ្ជាំងនៃរបបអាវខ្មៅនេះ សែនរីករាយមិនអាចរកអ្វីមកប្រៀបផ្ទឹមបាននោះឡើយ។ ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រដូចទៅនឹងការរំដោះជីវិតចេញពីឋាននរកដូច្នោះដែរ។
ប្រជាពលរដ្ឋខ្មែររួចជីវិតចេញពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យ តែងតែប្រារព្ធពិធីអបអរសាទរយ៉ាងកងរំពងចំពោះថ្ងៃជ័យជម្នះ៧មករានេះ។ ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ជាការរំលឹកដល់វីរភាពរបស់អ្នកតស៊ូទាំងឡាយ និងរំលឹកទៅដល់ការលះបង់ ពលីជីវិតរបស់វីរយុទ្ធជន វីរយុទ្ធនារីទាំងឡាយក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង២ពាន់នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរថ្ងៃដែលពួកគេបានរស់រានមានជីវិតជាថ្មី និងមានសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវិត និងធ្វើសកម្មភាពផ្សេងៗជាថ្មី។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ពលរដ្ឋខ្មែរដែលរួចជីវិតចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានហៅថ្ងៃជ័យជម្នះ៧មករា ថ្ងៃដែលរបបខ្មែរក្រហមដួលរលំ គឺជាថ្ងៃដ៏មានគុណសម្រាប់ជីវិតរបស់ពួកគេ។ បើគ្មានការរំដោះនេះទេ គឺជីវិតរបស់ពួកគេប្រឈមនឹងការស្លាប់គ្រប់ពេលវេលា។ បើមិនស្លាប់នឹងការសម្លាប់នោះទេ ក៏នឹងត្រូវស្លាប់ដោយសារការអត់ឃ្លាន និងជំងឺផងដែរ។
លោកឧកញ៉ា ទ្រី ភាព បានថ្លែងថា ផ្តើមចេញពីថ្ងៃរំដោះ៧មករានោះហើយ ធ្វើឱ្យជាតិ និងប្រជាជនកម្ពុជារស់ឡើងវិញ ហើយផ្តើមចេញពីថ្ងៃ៧មករា នោះហើយ ដែលនាំឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន។
របបខ្មែរក្រហមរយៈពេលជិត៤ឆ្នាំ បានបំផ្លាញជាតិកម្ពុជាស្ទើរតែក្លាយទៅជាផេះផង់។ មិនត្រឹមតែសេដ្ឋកិច្ចជាតិ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនោះទេ សូម្បីតែធនធានមនុស្សក៏បាត់បង់ស្ទើរតែអស់ផងដែរ។
ក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរលំ ក្នុងរយៈពេល៤១ឆ្នាំមកនេះ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្គ្រាមបំផ្លិចបំផ្លាញ និងរបប ប៉ុល ពត ខិតខំស្តារ កសាង និងអភិវឌ្ឍមាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។
កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរៃពីទឹកដីដែលគ្មានសេរីភាពពីការបែកបាក់ជាតិ និងបែងចែកទឹកដី និងពីគំនរផេះផង់ ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យធ្វើឱ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និងប្រកបដោយក្តីសង្ឃឹមចំពោះអនាគតរបស់ខ្លួន។
លោកឧកញ៉ា ទ្រី ភាព ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា បានលើកឡើងថា ក្នុងរយៈពេល៤១ឆ្នាំ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង៧% ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ លោក ទ្រី ភាព បានលើកឡើងថា អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាបានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨។ ជាមួយសមិទ្ធកម្មនៃកំណើនសេដ្ឋកិច្ចរឹងមាំនេះ បានបង្ហាញឱ្យឃើញនូវកំណើនចំណូលសរុបសម្រាប់មនុស្សៗ (GDP per Capita) បានកើនឡើងដល់ ១,៧០៦ដុល្លារ ក្នុងឆ្នាំ២០១៩ ធៀបនឹង ១,៥៦៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨កន្លងមក។
លោក ទ្រី ភាព លើកឡើងថា តាមរយៈការរីកចម្រើននេះ បានឆ្លុះបង្ហាញឱ្យឃើញពីភាពប៉ិនប្រសប់ក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ទ្រី ភាព បានមើលឃើញថា វឌ្ឍនភាពដ៏រុងរឿងរបស់ជាតិកម្ពុជា មិនអាចកើតមានឡើយ បើគ្មានការធ្វើពលីកម្មកម្លាំងកាយចិត្តរបស់សម្តេចតេជោ ហ៊ុន សែន រាប់ចាប់ត្រឹមពីការយកជីវិតធ្វើការតស៊ូផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៧មកនោះ។
ប្រជាពលរដ្ឋខ្មែរដែលរួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏បានមើលឃើញដូចគ្នាចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល៤១ឆ្នាំមកនេះ៕