(ប៉េកាំង, ចិន)៖ ជាបឋមខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះ និងគ្រួសារនៃជនរងគ្រោះក្នុងករណីរលំសំណង់អគារនៅព្រះសីហនុ សៀមរាប និងកែប។ សូមវិញ្ញាណក្ខ័ន្ធនៃអ្នកស្លាប់បានដល់សុគតិភព ចំណែកឯអ្នករងរបួសសូមបានឆាប់ជាសះស្បើយ។
ទន្ទឹមនឹងនេះ ខ្ញុំបាទសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះទឹកចិត្ត និងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាជនកម្ពុជាគ្រប់រូប។ សម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខរបស់រាស្រ្តជាអាទិភាពគ្រប់ពេល មិនមែនតែពេលដែលរាស្រ្តជួបទុក្ខលំបាកប៉ុណ្ណោះទេ។ នេះជាសំណាងរបស់ប្រជាជនកម្ពុជា។
សូមរំលឹកថា វិស័យសំណង់នៅកម្ពុជាកំពុងតែរីកចម្រើន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នៅឆ្នាំ២០១៩ មានទុនវិនិយោគរហូតដល់ ៩,៣៥៣លានដុល្លារ (កើនឡើង ៧៩%បើធៀបនឹងឆ្នាំ២០១៨)។ សំណង់អគារដែលមានកម្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានរហូតដល់ ១,៦២៤អគារ ចំណែកឯបុរីលំនៅស្ថានមានចំនួន ២៩៨កន្លែង និងសណ្ឋាគារចំនួន ៩៥៦កន្លែង។
ទោះបីអត្រាសំណង់អត់ច្បាប់ថយចុះពី ១៧.១៣% ឬស្មើនឹង ២៥៤គម្រោង (ក្នុងចំណោម ១៤៨៣គម្រោងដែលមានផ្ទៃក្រឡាសំណង់ ៧,៥៩៦,១៥១ម៉ែត្រក្រឡា និង ២,៧៧៣,១២៦,៥៥៩ដុល្លារ) នៅឆ្នាំ២០១៣ មកនៅត្រឹម ៥.០៣% ឬស្មើនឹង ១៥៤គម្រោង (ក្នុងចំណោម ៣,០៣៧គម្រោងដែលមានផ្ទៃក្រឡាសំណង់ ១២,៣៧៨,១១៩ម៉ែត្រក្រឡា និង ៥,៧៥៥,០៧០,១២០ដុល្លារ) នៅឆ្នាំ២០១៨ក៏ដោយ ក៏ប៉ុន្តែមន្រ្តីរាជរដ្ឋាភិបាល ទទួលស្គាល់ថាចំនួនសំណង់អត់ច្បាប់ គឺអាចមានចំនួនច្រើនជាងនេះ។
សុវត្ថិភាពការងារក្នុងវិស័យសំណង់នៅតែបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។ នៅឆ្នាំ២០០៩ អង្គការពលកម្មអន្តរជាតិ (ILO) ប៉ាន់ស្មានថា គ្រោះថ្នាក់ការងារបានសម្លាប់កម្មករជាង ១,៥០០នាក់រៀងរាល់ឆ្នាំ ឬប្រមាណ ៤នាក់ស្លាប់ក្នុងមួយថ្ងៃៗ។ ប្រមាណ ១១% នៃ៤.៣លានកម្មករធ្វើការក្រៅប្រព័ន្ធ (informal employment) គឺធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែសុវត្ថិភាព និងគ្រោះថ្នាក់ក្នុងវិស័យសំណង់នៅតែមិនត្រូវបានធានាត្រឹមត្រូវនៅឡើយ។
ជាក់ស្តែងត្រឹមតែរយៈពេលកន្លះឆ្នាំចុងក្រោយនេះ យ៉ាងហោចណាស់មាន ៣ករណីនៃការរលំសំណង់អគារ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំសំណង់អគារកម្ពស់ ៧ជាន់នៅក្រុងព្រះសីហនុ បានសម្លាប់មនុស្ស ២៨នាក់ និងបង្ករបួស២៦នាក់។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានករណីរលំសំណង់ព្រះវិហារនៅខេត្តសៀមរាប បានសម្លាប់មនុស្ស ៣នាក់ និងបង្ករបួស ១៣នាក់។
ត្រឹមមួយខែបន្ទាប់គឺថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានករណីរលំសំណង់អគារកម្ពស់៦ជាន់មួយទៀតនៅក្នុងខេត្តកែប បណ្តាលឱ្យកម្មករ និងកូនក្មេង៣៦នាក់ស្លាប់ និង២៣នាក់រងរបួស។
តើអ្វីខ្លះដែលកម្ពុជាអាចរៀនបានពីករណីរលំសំណង់អគារទាំងនេះ? មានរឿងជាច្រើនដែលកម្ពុជាអាចនឹងត្រូវរៀនសូត្រពីបញ្ហាទាំងនេះ។ យ៉ាងហោចណាស់មានចំណុចមួយចំនួនដែលពលរដ្ឋទូទៅអាចមើលឃើញ៖
ទី១៖ ការអនុវត្តច្បាប់ និងបទបញ្ញាត្តិសំណង់នៅមានកម្រិត៖ អត្រាខ្ពស់នៃគម្រោង និងសំណង់អគារ ដែលបានចាប់ផ្តើមសាងសង់ទាំងមិនទាន់មានច្បាប់អនុញ្ញាតបង្ហាញយ៉ាងច្បាស់ពីចំណុចនេះ ពិសេសករណីនៅក្រុងព្រះសីហនុ។ បន្ថែមពីលើនេះ ក៏អាចមានករណីខ្វះខាតលើការត្រួតពិនិត្យបច្ចេកទេសប្លង់ និងគ្រឿងបង្គំ ការវាយតម្លៃផលប៉ះពាល់ ការវាយតម្លៃគុណភាពដី និងអធិការកិច្ចជាដើម។ ដូច្នេះការពង្រឹងច្បាប់គួរតែជារឿងអាទិភាព។
ទី២៖ អំពើពុករលួយក្នុងវិស័យសំណង់៖ ករណីប្រធានមន្ទីរ និងបក្ខពួកក្នុងមន្ទីរសុរិយោដីនៅខេត្តពោធិ៍សាត់ជាមេរៀនមួយដ៏ល្អ។ ក្រសួងសាមីគួរតែបន្ថែមការត្រួតពិនិត្យ និងដុសក្រែលមន្ត្រីបែបនេះឱ្យបានកាន់តែច្រើន។ សេវារត់ការក្រៅផ្លូវការ ក៏គួរតែត្រូវបានកាត់បន្ថយជាអតិបរមា។
ទី៣៖ សុវត្ថិភាពការងារក្នុងវិស័យសំណង់នៅទាប៖ ប្រព័ន្ធសុវត្ថិភាព ការត្រួតពិនិត្យមុនចូល-ចេញការដ្ឋាន និងចំណេះដឹងកម្មករសំណង់ស្តីអំពីសុវត្ថិភាពនៅមានកម្រិត។ រដ្ឋ និងក្រុមហ៊ុនគួរតែរឹតបន្តឹង និងបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានស្តីពីសុវត្ថិភាពក្នុងទីតាំងការងារ។
មុនចូលក្នុងការដ្ឋានសំណង់ កម្មករទាំងអស់ត្រូវតែមានពាក់ឧបករណ៍សុវត្ថិភាព ដូចជាមួកការពារ និងស្រោមដៃជាដើម។ សំណង់ដែលប្រើរយៈពេលយូរលើការសាងសង់ គួរតែផ្តល់កន្លែងស្នាក់នៅដល់កម្មករនៅទីតាំងខាងក្រៅនៃទីតាំងសំណង់ដែលកំពុងសាងសង់។ ពិសេសកម្មករសំណង់គួរតែទទួលបានការគាំពារផ្នែកសង្គមកិច្ច យ៉ាងហោចណាស់មានការធានារ៉ាប់រងរយៈពេលខ្លីជាដើម។
ទី៤៖ គុណភាព និងរយៈពេលផ្តល់សេវាកម្មផ្នែកសំណង់នៅមានកម្រិត៖ ខ្ញុំចាំបានថា កាលខ្ញុំសុំច្បាប់សាងសង់លំនៅដ្ឋាន (តូច) តាមរយៈច្រកចេញ-ចូលតែមួយ ក៏ត្រូវប្រើពេលដ៏យូរដែរ ព្រោះនៅច្រកចេញ-ចូលតែមួយនោះ គ្មានមន្ត្រីជំនាញខាងវិស្វកម្ម និងស្ថាបត្យកម្ម ដើម្បីគូរប្លង់បង្គំសំណង់ និងប្លង់ស្ថាបត្យកម្មដែលច្បាប់តម្រូវឱ្យមាននោះទេ។ ដូច្នេះអ្នកដាក់ពាក្យសុំច្បាប់ត្រូវដើររក និងជួលអ្នកជំនាញនេះដោយខ្លួនឯង។
បន្ថែមលើការចំណាយដ៏ច្រើន ពលរដ្ឋមួយចំនួនធំមិនដឹងថា ត្រូវទៅរកអ្នកជំនាញទាំងនេះនៅឯណាទេ? ដូច្នេះពួកគាត់ត្រូវបង្ខំចិត្តទៅរកសេវារត់ការ។ ទោះបីអាចរកអ្នកជំនាញបានដោយខ្លួនឯងក៏ដោយ ក៏មិនប្រាកដថា មានការទទួលស្គាល់ត្រឹមត្រូវដោយច្បាប់ដែរ។ ករណីរបស់ខ្ញុំដដែលទោះបីមានការណែនាំពីមន្ត្រីក៏ដោយ តែពេលដែលខ្ញុំរកវិស្វករគូរប្លង់បានហើយ យកប្លង់នោះទៅជួបអ្នកជំនាញខាងស្ថាបត្យកម្ម។ អ្នកជំនាញខាងស្ថាបត្យកម្មថា ប្លង់នោះនៅខ្វះ និងត្រូវកែឡើងវិញ ទើបអាចគូរប្លង់ស្ថាបត្យកម្មបាន។ ដូច្នេះខ្ញុំត្រូវមកជួបវិស្វករដដែលនោះ ដើម្បីកែប្លង់ដោយបន្ថែមពេល និងថ្លៃឈ្នួល។ ការប្រើរយៈពេលយូរដើម្បីទទួលបានការអនុញ្ញាតលើការសាងសង់ នឹងធ្វើឱ្យពលរដ្ឋនឿយណាយចំពោះការសុំច្បាប់សំណង់។
ទី៥៖ មន្ត្រីទទួលបន្ទុក និងជាប់ពាក់ព័ន្ធមួយចំនួននៅតែបង្កការលំបាកដល់ថ្នាក់ដឹកនាំប្រទេស៖ ប្រសិនបើស្រឡាញ់ថ្នាក់ដឹកនាំ និងប្រជាជន សូមចូលរួមបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់។ ទង្វើខ្វះទំនួលខុសត្រូវរបស់មន្ត្រីមួយចំនួន មិនត្រឹមតែធ្វើឱ្យថ្នាក់ដឹកនាំនឿយហត់ជាមួយប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញទឹកចិត្តរាស្រ្ត ចំពោះថ្នាក់ដឹកនាំទៀតផង៕
ដោយ៖ យ៉េន យ៉ាត អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ ប៉េកាំង
អ៉ីម៉ែល៖ [email protected]
(លោក យ៉េន យ៉ាត អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ ប៉េកាំង)