(កំពងធំ)៖ ក្នុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ជាមួយប្រជាជនប្រមាណជាង ១,០០០នាក់ នៅមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរខាងលើបានលើកឡើងថា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិជាច្រើនបានគាំទ្រ និងគោរពស្មារតីទិវាជ័យជម្នះ ៧ មករា។ ប៉ុន្តែក្រុមដែលមិនគាំទ្រ៧មករា គឺមានតែក្រុមអគតិមួយក្តាប់តូចប៉ុណ្ណាះ ដែលមកដល់បច្ចុប្បន្ន សូម្បីតែសហគមន៍អន្តរជាតិ ដែលធ្លាប់គាំទ្រក្រុមពួកនោះ ក៏ចាប់ផ្ដើមភ្ញាក់ខ្លួន និងឈប់គាំទ្រពួកគេទៀតហើយដែរ។
លោកបានបន្តថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺជាការទទួលស្គាល់សច្ចធម៌ប្រវត្តិសាស្ត្រ។ អស់រយៈពេល៤១ឆ្នាំហើយ ដែលប្រជាពលរដ្ឋកម្ពុជា ចូលរួមប្រារព្ធទិវាជ័យជម្នះ ៧ មករា មិនដែលមានការរុញរាម្ដងណាឡើយ។
លោកបានបន្តថា មានជ័យជម្នះ ៧ មករា ទើបមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ក្នុងរយៈពេល៤១ឆ្នាំ នៃដំណើរការអភិវឌ្ឍប្រទេសនេះ កម្ពុជាទទួលបានការកោតសរសើរល្អក្រៃលែង និងគ្មានអ្នកណានឹកស្មានដល់ថា កម្ពុជាអាចអភិវឌ្ឍន៍ខ្លួនលឿន ឆាប់រហ័សយ៉ាងដូច្នេះសោះ។
លោកថា កាលពីមហាសន្និបាតសមាគមអភិបាលក្រុងនិយាយភាសាបារាំង នៅរាជធានីភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ លោកបានធ្វើបទបង្ហាញពាក់ព័ន្ធ នឹងការអភិវឌ្ឍទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បណ្ដាអភិបាលក្រុងនិយាយភាសាបារាំងទាំងនោះលើកឡើងថា ពួកគេមិននឹកស្មានទាល់តែសោះថា កម្ពុជាអាចកសាងអភិវឌ្ឍន៍ខ្លួនតាំងពីបាតដៃទទេ បានលឿនដូច្នេះសោះ។
លោកបានបន្តថា លោកបានប្រាប់បណ្ដាអភិបាលក្រុងនិយាយភាសាបាំរាំងទាំងនោះថា នេះហើយជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជារបស់មនុស្សជាតិទូទាំងពិភពលោក។ បណ្ដាអភិបាលក្រុងនិយាយភាសាបាំរាំងទាំងនោះ ក៏បានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយ ក្នុងការអភិវឌ្ឍតាំងពីបាតដៃទទេ ឬក្រោយដំណាក់កាលសង្គ្រាម។
សូមជម្រាបថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ខាងលើ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។ ក្រោយបញ្ចប់ការប្រារព្ធទិវានេះរួចហើយ លោក ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក៏បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី និងនំបញ្ចុកតេជោសន្តិភាពរួមគ្នាផងដែរ។
ជាមួយនឹងបរិយាកាសដ៏រីករាយបែបនេះ លោក ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានប្រកាសជ័យឃោស និងបន្លឺនូវនិយមស័ព្ទថា «អរគុណសន្តិភាពៗៗៗ» «យើងស្រលាញ់ និងការពារសន្តិភាព»៕