(ភ្នំពេញ)៖ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រោងនឹងដាក់ឲ្យដំណើរការ ដើម្បីបម្រើភ្ញៀវជាតិ និងអន្តរជាតិក្នុងឆ្នាំ២០២០នេះ។
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ វិនិយោគលើការសាងសង់ដោយក្រុមហ៊ុន ជីប ម៉ុង។ ចំណែកឯប្រព័ន្ធគ្រប់គ្រងរបស់សណ្ឋាគារនេះ គឺប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងស្តង់ដារអន្តរជាតិរបស់សណ្ឋាគារ ហាយ៉ាត់ សាកលដ៏ទំនើប ដើម្បីធានាលើការបម្រើសេវាបដិសណ្ឋារកិច្ច និងសណ្ឋាគារដ៏ល្អឥតខ្ចោះជូនដល់ភ្ញៀវទេសចរណ៍ ធុរជនកម្ពុជា និងអន្តរជាតិ។
ការលេចឡើងនៃវត្តមានសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ លំដាប់ថ្នាក់អន្តរជាតិមួយនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញទាំងភ្ញៀវទេសចរណ៍ និងធុរជនកម្ពុជា និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញកាន់តែច្រើន។
សណ្ឋាគារលំដាប់ផ្តាយ៥នេះ ស្ថិតនៅកណ្តាលបេះដូងនៃពាណិជ្ជកម្ម និងវប្បធម៌ នៃរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ១៧៨ ជិតសារមន្ទីរជាតិ ខណ្ឌដូនពេញ។
សណ្ឋាគារនេះមានកម្ពស់១៤ជាន់ មានបន្ទប់សរុបចំនួន២៤៧បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ អាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃមុខព្រះបរមរាជវាំង ទន្លេមេគង្គ និង ទន្លេសាប៕