(ឧត្តរមានជ័យ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជោគជ័យពិតប្រាកដ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមានលក្ខណៈធំធេង ដែលពិភពលោកមិនធ្លាប់មាន បានយកបទពិសោធន៍នេះ ទៅរៀនសូត្រនៅបណ្តាប្រទេសផ្សេងៗ។

ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា និងសុខដុមរមនាសម្រាប់ប្រជាជន នៅសណ្ឋាគារហេងជាំសាង៉ាំ ស្ថិតនៅច្រកអន្តរជាតិជាំសាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែអ្វីដែលបានគិតបន្ថែមទៀតថា ជោគជ័យពិតប្រាកដ នៃការបញ្ចប់សង្គ្រាម ដោយនយោបាយឈ្នះ-ឈ្នះ គឺមានលក្ខណៈធំធេង គឺពិភពលោកមិនធ្លាប់មានតាមពិសោធន៍នេះ កំពុងតែត្រូវបានរៀនសូត្រ និងសិក្សាយ៉ាងជ្រាលជ្រៅបំផុតពីបណ្តាប្រទេសផ្សេងៗ ដែលច្រើនតែការបញ្ចប់សង្គ្រាមដោយផ្ទុះអាវុធ និងការប្រើប្រាស់កម្លាំង»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែ សម្រាប់សង្គ្រាមស៊ីវិល ដែលបានបញ្ចប់ដោយនយោបាយ-ឈ្នះឈ្នះ នៅកម្ពុជានេះ គឺមានលក្ខណៈខុសពីកន្លែងដទៃ។ ដោយសារការផ្តល់តម្លៃ និងគុណតម្លៃដែលបានផ្តល់នូវសិទ្ធិសេរីភាព និងជំនឿចំពោះគេ សម្រាប់ការបណ្តុះបណ្តាល ដូច្នេះយើងក៏ពុំនឹកស្មានដល់ថា ក៏ជាកម្លាំងមួយដ៏ធំ ក្នុងការចូលរួមចំណែកបន្តមកទៀតនោះដែរ»

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលឹកអត្ថន័យដ៏ធំធេង នៃនយោបាយឈ្នះ-ឈ្នះ ដោយលើកឡើងថា យើងបានដឹងគ្រប់គ្នា អំពីដំណើរការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ដែលមានតាមដំណាក់កាលមានការសាកល្បងដំណើរការចាប់ផ្តើម និងដំណាក់កាលបំផ្ទុះ រហូតដល់ដំណាក់ កាលចុងក្រោយ គឺនៅទីនេះនៅអន្លង់វែងតែម្តង។ ក្នុងដំណាក់កាលចុងក្រោយ មានការប្រមូលផ្តុំនៅទីនេះទាំងអស់ ទាំងមេដឹកនាំធំៗ ខ្មែរក្រហម ដែលកន្លងមកពួកគេបានរៀបចំយុទ្ធសាស្រ្តច្រេះស៊ីដែក ឬនយោបាយច្រេះស៊ីដែក តែចុងក្រោយមិនអាចទប់ បានជាមួយនឹងនយោបាយឈ្នះ-ឈ្នះ របស់តេជោសែន៕