(ភ្នំពេញ)៖ ខណៈស្ថានភាពក្តៅរវាងអាមេរិក និងអ៉ីរ៉ង់ ដែលអាចឈានដល់ការផ្ទុះសង្រ្គាមគ្រប់ពេលនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា កាលណាបើមានសង្គ្រាមហើយ គឺមិនងាយស្រួលក្នុងការពន្លត់នោះទេ ហើយសង្រ្គាមនេះមិនមែនជាមូលដ្ឋានក្នុងការធ្វើឲ្យប្រជារាស្រ្តបានសុខនោះឡើយ។
ការលើកឡើងរបស់ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងនេះក៏ស្របពេលដែលកម្ពុជា បាននឹងកំពុងបង្ហោះសារថ្លែង «អរគុណសន្តិភាព» ជាបន្តបន្ទាប់ដោយសារតែ សន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋសម័យនេះ ទទួលផ្លែផ្កាគ្រប់បែបយ៉ាង ហើយមានឱកាសជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យទាន ក៏ដូចជាឱកាសផ្សេងៗទៀត។
លោក ពេជ្រ ស្រស់ បានបញ្ជាក់បន្តែមថា៖ «កាលបើមានសង្រ្គាមហើយ គឺមិនងាយស្រួលក្នុងការពន្លត់នោះទេ ហើយអាសង្រ្គាមនេះមិនមែនជាមូលដ្ឋាន ក្នុងការធ្វើឲ្យប្រជាបានសុខនោះឡើយ ប៉ុន្តែក៏មិនអាចសម្ងំមិនឲ្យកើតសង្រ្គាមបានដែរបើប្រទេសជាតិទាំងមូលត្រូវបានជនបរទេសឈ្លានពានហើយនោះ ដូច្នេះការការពារខ្លួន គឺមិនចាត់ទុកជាការបង្កើតសង្រ្គាមនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញការការពារខ្លួន គឺជាការទប់ស្កាត់ កុំឲ្យមាន ការឈ្លានពាន មកលើអធិបតេយ្យខ្លួនតែប៉ុណ្ណោះជាពិសេស គឺត្រូវតែចៀសឲ្យឆ្ងាយពីការធ្វើឲ្យកើតសង្រ្គាមជាមួយនឹងជាតិសាសន៍ខ្លួនឯង គឺវានឹងកើតក្តីអន្តរាយដល់ជាតិ និងប្រជាពលរដ្ឋ»។
កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ជាពិសេសនៅដំណាក់កាលក្រោយសម័យសង្គមរាស្ត្រនិយម។ សង្គ្រាមរ៉ាំរ៉ៃនេះ បានចាប់ផ្តើមកើតឡើងចាប់តាំងពី មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្ត សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ និងបន្តធ្វើឱ្យកម្ពុជាវិនាសហិនហោចស្ទើរតែទាំងស្រុងនៅពេលខ្មែរក្រហមវាយផ្តួលរំលំរបប «លន់ នល់» ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ «ប៉ុលពត» បានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់។
បន្ទាប់ពីដាក់ចេញនូវនយោបាយឈ្នះឈ្នះ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានស្គាល់នូវសន្តិភាពពេញលេញរយៈពេល២១ឆ្នាំមកហើយ ជាមួយនឹងការបោះជំហានអភិវឌ្ឍប្រទេសជាបន្ទាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏រស់នៅសុខសប្បាយ ជាមួយនឹងកំណើនជីវភាពកាន់តែល្អប្រសើរបន្តិចម្តងៗផងដែរ។
កាលពីអំឡុងចូលឆ្នាំសកល ២០២០២កន្លងទៅនេះ បណ្តាក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងប្រទេស បាននឹកឃើញដល់សន្តិភាព ដែលថ្នាក់ដឹកនាំកម្ពុជាខិតខំរកមកដោយលំបាក និងបានបង្ហោះសារថ្លែង «អរគុណសន្តិភាព» ជាបន្តបន្ទាប់ ដោយសារតែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋសម័យនេះ ទទួលផ្លែផ្កាគ្រប់បែបយ៉ាង ហើយមានឱកាសជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យទាន ក៏ដូចជាឱកាសផ្សេងៗទៀត៕