(ភ្នំពេញ)៖ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដកហូតបានជាង១៤គីឡូក្រាម និងឃាត់ខ្លួនមនុស្ស៣នាក់។
មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៧ ខែមករាម្សិលមិញ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ទី១៖ឈ្មោះ ម៉េង ឌី អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ប៊ុនធឿន ធានី អាយុ២៣ឆ្នាំ និងទី៣៖ឈ្មោះ ជា ភារុណ អាយុ២១ឆ្នាំ ក្នុងនោះវត្ថុតាងចាប់យកបាន សារធាតុញៀនសរុប ជាង១៤គីឡូក្រាម រួមមាន សារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥,២២២.៨៣ក្រាម, នីមេតាហ្សេប៉ាមទម្ងន់៨,៨២៩.៧២ក្រាម ស្មើនឹង៤៩,០៥៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី៕