(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីផ្តល់ជូននូវ កញ្ចប់ពិសេសសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដែលធ្វើឡើងនៅអគារផ្សារមូលបត្រកម្ពុជា។
ព្រឹត្តិការណ៍នៃការចុះហត្ថលេខាលើអនុស្សរណៈនេះរួមមាន ការថ្លែងសុន្ទរកថាពីលោក ហុង សុខហួរ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិធនាគារ ព្រីនស៍ ម.ក និងលោក Ha Jong Weon អគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
លោកស្រី តែ មុយនី នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុអាជីវកម្មរបស់ ធនាគារ ព្រីនស៍ ម.ក បានបង្ហាញអំពីចំនុចសំខាន់ៗ នៃការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ ពិសេសនេះទៅដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ហើយការផ្តល់ជូននេះមានដូចជា អត្រាការប្រាក់ និងកម្រៃសេវាពិសេសសម្រាប់ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងទៀតជាច្រើន។
ការផ្តល់ជូនទាំងនេះ គឺជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនាមជាអ្នកចេញប័ណ្ណភាគហ៊ុន។ ការផ្តល់ជូននេះក៏ជាកត្តាជំរុញ ឱ្យក្រុមហ៊ុនជាច្រើនងាកមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយរួមបញ្ចូលទាំងសហគ្រាសធុនតូច និងមធ្យម ដែលកំពុងកើនឡើងទាំងទំហំ និងចំនួនដើម្បីចូលរួមគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ព្រីនស៍ និងផ្សារមូលបត្រកម្ពុជា ក្នុងការសហការដើម្បីលើកកម្ពស់ ការចុះបញ្ជីរបស់ក្រុមហ៊ុន ដែលអាចជាមធ្យោបាយដ៏មានសក្តានុពលមួយសម្រាប់ការប្រមូលធនធានវិនិយោគ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ច ទាំងមូល៕