(ភ្នំពេញ)៖ វិថីដ៏សំខាន់មួយនៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស នឹងប្រើព្រះនាមព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ។ នេះបើយោងតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការបញ្ជាក់របស់ លោក កុយ គួង បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងគណៈប្រតិភូកិច្ចការបរទេសនៃសភាបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស ក្នុងជំនួបនេះភាគីទាំងពីរ បានលើកឡើងពីទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ លោកបន្តថា ជាពិសេសនោះកម្ពុជាបានយកឈ្មោះ លោក សេនូជីប៊ូ រ៉ាម៉ាន់ ទៅប្រើប្រាស់សម្រាប់ហៅផ្លូវជាតិលេខ៣៣៧ នៅរាជធានីភ្នំពេញ ចំណែកឯបង់ក្លាដេសវិញ បានយកព្រះនាមព្រះបរមតនកោដ្ឋ ទៅប្រើប្រាស់សម្រាប់ហៅវិថីសំខាន់មួយ នៅទីក្រុងដាកា។

«នៅក្រុងដាកានោះ គេដាក់ឈ្មោះថាវិថី ព្រះនរោត្តម សីហនុ ហើយគេគ្រោងសម្ពោធនៅដើមឆ្នាំហ្នឹង ហើយវិថីនៅក្រុងភ្នំពេញយើង លេខ៣៣៧ មានឈ្មោះវិថី សេក មូជីប៊ួ រ៉ាម៉ាន់ ដែលវិថីហ្នឹងគ្រោងនឹងសម្ពោធដើមឆ្នាំហ្នឹងដែរ»។ នេះជាការបញ្ជាក់របស់លោក កុយ គួង៕