(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាពីផែនការសហប្រតិបត្តិការស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៩ (រដូវប្រាំង ឆ្នាំ២០១៩-២០២០) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។
លោក ផាន់ ចាន់ធុល បានលើកឡើងថា កិច្ចសហប្រតិបត្តិការស្វែងរុករក គាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ជាពិសេស គឺកិច្ចសហប្រតិបត្តិការល្អរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន ហើយក៏ជាការងារមនុស្សធម៌ និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឲ្យមានសុខសន្តិភាពរហូត មកដល់ពេលបច្ចុប្បន្ន។
លោក ផាន់ ចាន់ធុល បានបន្ដទៀតថា ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់ អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករក គាស់ អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។
នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល មានបំណងចង់ឲ្យខេត្តទាំង២ ប៉ៃលិន-ឡុងអាន ចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ លើវិស័យមួយចំនួន ដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វិស័យបណ្តុះបណ្តាលធនធានមនុស្ស និងកីឡា ការផ្លាស់ប្តូរបទពិសោធន៍ និងសហការជួយគ្នាទៅវិញទៅមក លើកិច្ចការសង្គម និងពង្រឹងសមត្ថភាពយុវជន ការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្កើតនូវទំនាក់ទំនងជាទៀងទាត់រវាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធរបស់ភាគីទាំងពីរ ដើម្បីសម្របសម្រួល និងពិគ្រោះយោយល់ស្តីពី ការផ្លាស់ប្តូកិច្ចសហប្រតិបត្តិការ និង ចាត់តាំងការប្រជុំបូកសរុបលទ្ធផលរីកចំរើន ក្នុងកិច្ចសហប្រតិបត្តិការឲ្យបានទៀងទាត់។
ជាការឆ្លើយតបលោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន បានសំណូមពរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ បន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់ ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដំណាក់កាលទី១៩ រដូវប្រាំងឆ្នាំ ២០១៩-២០២០ នាពេលខាងមុខ ឲ្យទទួលបានលទ្ធផលល្អ ពីព្រោះការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនកងទ័ពវៀតណាមនៅកម្ពុជា គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន និងខេត្តឡុងអាន។
នៅក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ដែលកន្លងមកបានសហការល្អ ជាមួយក្រុមការងារគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ធ្វើឲ្យដំណើរការរុករកអដិ្ឋធាតុកងទ័ពវៀតណាម ទទួលបានជោគជ័យជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន សរុបចំនួន១០៥អដ្ឋិធាតុ ដោយឡែកនៅឆ្នាំ២០១៩-២០២០នេះ មានព័ត៌មានចំនួន៩ទីតាំង សរុបចំនួន២៧អដ្ឋិធាតុ ដែលក្នុងនោះ ក្រុងប៉ៃលិនមាន៤ទីតាំង ចំនួន១០អដ្ឋិធាតុ និងស្រុកសាលាក្រៅមាន៥ទីតាំង ចំនួន១៧អដ្ឋិធាតុ៕