(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ៨០០នាក់ បានអញ្ជើញចូលរួមមីទ្ទីញមហា ជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២០) ដែលដឹកនាំដោយ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក និងលោកស្រី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនេះក៏មាន ការអានសាលិខិតរបស់ សម្តេចតេជោ ប្រកបដោយខ្លឹមសារ និងអត្ថន័យ ដែលសបញ្ជាក់ពីសកម្មភាព តស៊ូបម្រើជាតិ មាតុភូមិរហូតដល់ទទួលបានសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ។
ជាមួយគ្នានោះ លោក វង សូត បានលើកឡើងថា បំណងនៃការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជំនះ ៧ មករា គឺដើម្បី រំលឹកដល់ថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានរំដោះ ប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះគឺជាសក្ខីភាពមួយបង្ហាញអំពីស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល និងប្រជាជន ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពដ៏អង់អាចក្លាហានដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិប តេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិអង្គរ។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន រយៈពេល ៤១ឆ្នាំ ក្រោយថ្ងៃ៧មករា ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខ សន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យ ការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។
នៅក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើបងប្អូនកម្មករ កម្មាការិនី និងប្រជាពលរដ្ឋងាយរងគ្រោះ ដែលពួកគាត់អាច ទៅពិនិត្យព្យាបាលជំងឺ ដោយមិនអស់ប្រាក់ ពិសេសនៅពេល សំរាលកូន មានប្រាក់ឧបត្ថមបន្ថែមទៀតផង ។
លោក វង សូត បានសម្តែងការសោកស្តាយចំពោះគ្រោះបាក់រលំអគានៅខេត្តកែប ដែលបង្កឲ្យថ្នាក់ដល់អាយុជីវិត និងរងរបួសជាច្រើននាក់ ហើយដើម្បីចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះដោយគ្រោះមហន្តរាយនេះ លោករួមជាមួយសមា ជិកសមាជិការគណបក្សស្រុកពញាក្រែកទាំងអស់បានរួមគ្នាចូលបុណ្យក្នុងសពម្នាក់ៗចំនួណ ១លាន៥សែនរៀល ។
បើតាមរបាយការណ៍ លោក លី សុភាលីន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធជាតិ បានកើតឡើងព្រោងព្រាតគ្រប់ទិសទី ដោយនឹកស្មានមិនដល់ តាំងពីទីក្រុងរហូតដល់ជនបទ។
លោកបន្តថា ការរីកចម្រើនេះហើយ បានធ្វើឱ្យកម្ពុជាលេចធ្លោរលើឆាកអន្តរជាតិ និងត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមាន ល្បឿនកំណើនសេដ្ឋកិច្ចខ្លាំងមួយ តាមរយៈការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនប្រកបដោយ ចីរភាព បរិយាប័ន្ន សមធម៌។
ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យម ជាង៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សចុងក្រោយនេះ៕