(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា) បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិបោះជំហានទៅមុខ យ៉ាងស្វាហាប់ លើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹម និងមិនអនុញ្ញាតឲ្យបុគ្គលណា ក្រុមណា បក្សណា ឬកម្លាំងណា បំផ្លាញសុខសន្តិភាព នៅកម្ពុជាបានឡើយ។
ការលើកឡើងរបស់លោក ម៉ម ប៊ុននាង បានធ្វើឡើង ខណៈលោកចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំ និងបងប្អូន ប្រជាពលរដ្ឋ នៅឃុំគោកត្រប់ និងឃុំត្រពាំងវែង ខេត្តកណ្តាល សរុបចំនួន៤៣០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០១៩ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។
លោក ម៉ម ប៊ុននាង បានបន្ថែមថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើង មិនមែនជាភាព ចៃដន្យនោះទេ ពោលគឺ បច្ចុប្បន្ន មានអ្នកវិនិយោគទុនបរទេសយ៉ាងច្រើន បានចូលមកវិនិយោគ នៅកម្ពុជានោះ ក៏ព្រោះតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ មានសេរីភាពនយោបាយ និងសេរីភាពម៉ាក្រូសេដ្ឋកិច្ច ហើយកម្ពុជា បានចែងច្បាប់លើកទឹកចិត្ត នៅក្នុងច្បាប់វិនិយោគផងដែរ។
ម្យ៉ាងទៀត កម្ពុជាយើងជាតំបន់មួយនៅចំណុចកណ្ដាល នឹងជាប់តំបន់ទន្លេមេគង្គ ដែលមានកំណើនតភ្ជាប់សេដ្ឋកិច្ចខ្ពស់ ជាពិសេសតំបន់កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម នឹងអ្នកវិនិយោគទុនទាំងអស់ អាចចូលមកវិនិយោគ នៅប្រទេសកម្ពុជារបស់យើង។ ហើយប្រទេសចំនួន៣ ដែលល្អបំផុត នៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ២០២០នេះ រួមមាន៖ ប្រទេសវៀតណាម ឥណ្ឌណេស៊ី និងប្រទេសហ្វីលីពីន ដោយប្រទេសទាំងនេះ មាននិន្នាការប្រជាសាស្រ្តរឹងមាំ មិនសូវជាប់ទាក់ទងខ្លាំងនឹងដំណើរការនៃទីផ្សារពិភពលោក និងមានកត្តាផ្ទៃក្នុងជំរុញកំណើនសេដ្ឋកិច្ចជាច្រើន និងគួរមានអនាគតភ្លឺស្វាង នៅថ្ងៃខាងមុខមិនថា មានអ្វីកើតឡើង នៅកន្លែងផ្សេងនោះទេ។ លោកបាន ស្នើឲ្យបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួម ថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។
ទន្ទឹមនឹងនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានឧបត្ថម្ភនូវថវិកា ជូនទៅដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំងពីរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរូមសរុប៤៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាមួយចំនួន ព្រមទាំងបានឧបត្ថម្ភកសាងនូវសមិទ្ធផលនានា ទៅតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ ក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕