(បន្ទាយមានជ័យ)៖ ទឹកស្ទឹងមង្គលបុរី ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល២ ទៅ៣ថ្ងៃខាងមុខនេះនឹងរីងស្ងួតអស់ ដែលធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទូទាំងស្រុកតែម្ដង ដែលមានជាង៨,០០០គ្រួសារ។
រហូតមកដល់ពេលនេះ ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្ដ្រី លឹម គានហោ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បាននិងកំពុងបើកប្រតិបត្តិការជួយបូមទឹកពីទីតាំងផ្សេង មកដាក់ចូលក្នុងស្ទឹងមង្គលបុរី និងនៅតាមប្រឡាយមេ ដើម្បីជួយសង្គ្រោះជាបណ្ដោះអាសន្ន។
អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៉ីណង់ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល៣ថ្ងៃទៀត ទឹកស្ទឹងមង្គលបុរី ដែលទទួលទឹកពីខេត្តប៉ៃលិន ឆ្លងកាត់ស្រុកបវេល មកស្រុកមង្គលបុរី និងរីងខះអស់ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុករបស់លោក ជាង៨,០០០គ្រួសារ រងផលប៉ះពាល់។
លោកបានអះអាងទៀតថា វិធានការចំពោះមុខនៅពេលនេះ អាជ្ញាធរពាក់ព័ន្ធ និងក្រសួងធនធានទឹក កំពុងជួយអន្ដរាគមន៍ ខណៈដែលបញ្ហាខ្វះខាតទឹកនេះ បណ្ដាលមកពីប្រជាពលរដ្ឋសម្រុកប្រើទឹកខ្លាំងពេក ដើម្បីផ្គត់ផ្គង់ស្រូវនៅក្នុងរដូវប្រាំងរបស់ពួកគាត់ ដែលបូមហួសពីផែនការដែលអាជ្ញាធរខេត្ត បានដាក់ជូនទើបធ្វើឲ្យមានការខ្វះខាត។
ចំពោះមុខការប្រឈមនេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងដឹកនាំក្រុមការងារ ដោះស្រាយបញ្ហានេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ជាការពិតជាក់ស្ដែង ប្រភពទឹកស្ទឹងមង្គលបុរី មកដល់ពេលនេះស្ទើររីងខះអស់ទៅហើយ អាចប្រើប្រាស់បាន ក្នុងរយៈពេលយ៉ាងយូរ បីថ្ងៃទៀតប៉ុណ្ណោះ។
ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងក៏បានរកប្រភពទឹកពីស្រុកផ្សេង ទៅជួយផ្គត់ផ្គង់ ដោយក្រសួងបាននិងកំពុងដំឡើងម៉ាស៊ីនបូមទឹក បូមទឹកពីស្ទឹងសិរីសោភណ្ឌ ទម្លាក់ចូលក្នុងប្រឡាយមេមួយខ្សែ ហើយហូរធ្លាក់ទៅស្ទឹងមង្គលបុរី។ ជារួមបញ្ហាប្រឈមនេះ យើងអាចដោះស្រាយបាន និងមិនមានការប្រឈមខ្លាំង ដូចកាលពីឆ្នាំ២០១៦ទេ។
បន្ថែមពីនេះ លោក ចាន់ យុត្ថា ក៏បានណែនាំដល់អាជ្ញាធរ អាជ្ញាធរឃុំ ជួយការពារប្រភពទឹកនេះ ជៀសវាងកុំឲ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹកនេះ ទុកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមានពេលវេលាយូរទៀត៕