(បាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារ នាំយកព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះ ដោយបាក់រលំអគារនៅខេត្តកែប ដែលមានទីលំនៅខេត្ត ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបាននូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាចំនួន២ម៉ឺនដុល្លារអាមេរិករបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតហើយនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួស នៅតាមមន្ទីរពេទ្យ និងតាមខេត្តស្រុកកំណើត របស់ជនរងគ្រោះនីមួយៗ។
នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើដោយគណៈកម្មាធិការសាខា អនុសាខាស្រុកយុវជនបានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងជនរងគ្រោះសរុប៦នាក់ ស្លាប់៥នាក់របួស១នាក់ ក្នុងនោះសព១គ្រួសារ ដែលមានសមាជិកចំនួន៥នាក់បានទទួលមរណភាព នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការបានពាំនាំនូវ ព្រះរាជបន្ទូលរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ យ៉ាងក្រៃលែងចំពោះសោកនាដកម្ម ដែលបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះទាំងអស់។
ជាមួយគ្នានេះលោកស្រីក៏បានថ្លែងពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែល សម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។
ទន្ទឹមនឹងនេះ លោកស្រីបានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព ដែលត្រូវបាត់បង់កូន ចៅជាទីស្រឡាញ់ ដែលលះបង់កម្លាំងកាយចិត្ត ខិតខំធ្វើការងារ ដើម្បីជីវភាពគ្រួសាររុងរឿង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះដែរ លោកស្រី និងសហការីបានអញ្ចើញសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនដល់ប្អូនប្រុស សឿត ប៉ី អាយុ២១ឆ្នាំ ដែលរងគ្រោះដោយរបួសក្បាល ក្នុងហេតុការណ៍បាក់រលំអាគារនៅខេត្តកែប បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិ ស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រទានដល់ក្រុមគ្រួសារជនរងគ្រោះនូវថវិកា២០០០ដុល្លារអាមេរិក អង្ករ៣៦០គីឡូក្រាម មី១៥កេស ត្រីខ១៥០កំប៉ុង និងទឹកក្រូច១៥កេស។
ដោយឡែកគ្រួសាររបួសទទួល បានព្រះរាជអំណោយមី២កេស ទឹកដោះគោ២ឡូ ស្ករស៤ គីឡូ មុងភួយក្រមាសារុង និងថវិកាចំនួន២៤៣ដុល្លារផងដែរ។
ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក៏បានចូលរួមរំលែកមរណទុក្ខ សួរសុខទុក្ខ ព្រមទាំងនាំយកស្បៀងសម្ភារ និងថវិកា ផ្តល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះផងដែរ៕