(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនបុរសជាតិចិន ២នាក់ ទៅតុលាការ ក្រោយពួកគេត្រូវបានម្ចាស់ ផ្ទះរងគ្រោះចំនួន ៣ផ្ទះ បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍នគបាលបឹងកឹងកងទី២ ចោទប្រកាន់ពីបទបង្កឱ្យមានអគ្គិភ័យឆាបឆេះដល់ផ្ទះពួកគាត់ ហើយខូចខាតសរុបជាទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ ដោយសារតែជនជាតិចិនជាអ្នកបង្ក។

ដើមចម នៃហេតុការណ៍ផ្អើលអគ្គិភ័យឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង ២៖៥០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅហាងកាត់សក់ជនជាតិចិនយីហោ «រចនាបថអន្តរជាតិ» តាម បណ្ដោយមហាវិថីព្រះមុនីវង្សផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

មុនកើតហេតុ គេឃើញផ្សែងហុយចេញពីផ្ទះ ដែលមានម្ចាស់ផ្ទះជួលឈ្មោះ ZHAO JI KUI អាយុ៣០ឆ្នាំ ជនជាតិចិនស្នាក់នៅ ដែលជាផ្ទះប្រភេទផ្ទះថ្មឈើលើ ប្រកស័ង្កសី។ សម្រាប់មូលហេតុវិញ គឺជនជាតិចិននេះ បានធ្វើម្ហូប រួចទុកចោល។

អគ្គិភ័យនេះ បានបំផ្លាញផ្ទះចំនួន ១ខ្នង ខូចខាតស្ទើរតែទាំងស្រុង ទើបអ្នករងគ្រោះទាំង ៣គ្រួសារ នាំគ្នាដាក់ពាក្យបណ្ដឹងទីកាន់ប៉ុស្តិ៍បាលបឹងកេងកងទី២ ចំពោះជនជាតិចិន ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះដល់ផ្ទះរបស់គាត់ ដោយទាមទារសំណងសរុបជាទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ។