(ព្រះវិហារ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX) និងគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះវិហារ បានសហការរួមគ្នារៀបចំសិក្ខាសាលា នៅខេត្តព្រះវិហារ ។

សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនៃ គណៈកម្មការមូលបត្រកម្ពុជា, លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈ អភិបាលខេត្តព្រះវិហារ។

សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគ ដល់សាធារណៈជននៅកម្ពុជា។

លោក គោស៊ុ ប៊ុនសឿត លើកឡើងពី សក្ដានុពលនៃខេត្តព្រះវិហារ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញតាមរយៈ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងមួយឆ្នាំ។

លោកបានបន្ដថា តាមរយៈសិក្ខាសាលានេះក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

លោក ស៊ូ សុជាតិ ក៏បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាគោលជំហរ របស់គណៈកម្មការមូលបត្រ ក្នុងការពង្រីកការអភិវឌ្ឍ ទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។

លោក ស៊ូ សុជាតិ បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបានឲ្យដឹងថា «ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ, ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ, ការផ្លាស់ប្តូរទម្លាប់ពី ការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ, ការបង្វែរការវិនិយោគពី ក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋ តាមរយៈការបង់ពន្ធជាដើម»

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX បានបង្ហាញពីក្ដីរំពឹងខ្ពស់ រលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា នឹងផ្ដល់អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិនដែលវិនិយោគ លើផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

លោក Lawrence Kook បានប្ដេជ្ញាអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។

លោក Lawrence បានបន្ថែមថា «ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ ក្រុមហ៊ុន CDX និងគណៈកម្មការមូលបត្រកម្ពុជា នឹងបានធ្វើដំណើរផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ នេះជាប្រវត្តិសាស្រ្តដំបូង និងគួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជា មិនតែប៉ុណ្ណោះនឹងបន្តផ្សព្វផ្សាយ អំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ ហើយជាអ្វីដែលបានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ»

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលា តាមបណ្ដាខេត្តក្នុងខេត្តចំនួន២៣រួចមកហើយរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ និងខេត្តព្រះវិហារនេះតែម្ដង។

ដោយឡែកលើឆាកអន្តរជាតិវិញក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស, ពិព័រណ៍ London Summit ឆ្នាំ២០១៧, ពិព័រណ៍ London Summit, ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុនក៏មានដៃគូសហការអន្តរជាតិជាច្រើន នៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។

សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះ ចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777៕