(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម (ក.ជ.ភ) បានណែនាំឱ្យក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បន្តការសហការគ្នា ក្នុងការរៀបចំផែនការមេអន្តរកាល ស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍សង្គមជាតិ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី ១ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ស្តីពីសេចក្តីព្រាងផែនការមេអន្តរកាល ស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករានេះ។

កិច្ចប្រជុំនោះ ធ្វើឡើងដើម្បីពិនិត្យ ផ្តល់យោបល់ និងសម្រេចលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» ដោយមានការ អញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិភស្តុភារកម្ម, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, សមាជិក-សមាជិកាក្រុមប្រឹក្សាជាតិភស្តុភារកម្ម, ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។

សេចក្តីព្រាងផែនការមេអន្តរកាលស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសជប៉ុន «JICA» តាំងពីខែ កញ្ញា ឆ្នាំ២០១៨មក ក្នុងគោលបំណងដើម្បីពង្រឹងការតភ្ជាប់ទាំងក្នុង ប្រទេស និងក្នុងតំបន់, ជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក, ជំរុញសមាហរណកម្មខ្សែច្រវាក់ ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃរបស់កម្ពុជាទៅក្នុងតំបន់, កាត់បន្ថយតម្លៃដឹកជញ្ជូន និងភស្តុភារកម្ម, បង្កើនកិច្ចសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន, ធ្វើទំនើបកម្មសេវាកម្មដឹកជញ្ជូននិងភស្តុភារកម្ម, បង្កើនការបណ្តុះបណ្តាល ធនធានមនុស្ស, បង្កើនភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅធានាចីរភាពនៃកំណើនក្នុងកម្រិត ឧត្តមានុពល។

«សេចក្តីព្រាងផែនការមេអន្តរកាល» នេះបានរួមបញ្ជូលផែនការមេតាមវិស័យចំនួន៥ ដែលបានមកពីការសិក្សាយ៉ាងលំអិតដោយដៃគូអភិវឌ្ឍន៍ក្នុងនោះ រួមមាន៖

* ផែនការមេដឹកជញ្ជូនតាមផ្លូវថ្នល់ និងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក,
* ផែនការមេដឹកជញ្ជូនតាមផ្លូវដែក,
* ផែនការមេដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ,
* ផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និង
* ផែនការមេភស្តុភារកម្ម។

ការរៀបចំសេចក្តីព្រាងផែនការមេអន្តរកាលស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» នេះ បានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់៣គឺ៖

១៖ ភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក រវាងផែនការមេតាមវិស័យនីមួយៗ
២៖ ភាពស្របគ្នា និងការគាំទ្រដល់ គោលនយោបាយចម្បងៗរបស់រាជរដ្ឋាភិបាល រួមមាន៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤, គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង-ស្ថាប័នជុំវិញរាជរដ្ឋាភិបាល
៣៖ ភាពតភ្ជាប់ និងការគាំទ្រដល់ផែនការមេនានា នៅក្នុងតំបន់ផងដែររួមមាន៖ ផែនការមេតភ្ជាប់អាស៊ាន (Master Plan for ASEAN Connectivity), ផែនការយុទ្ធសាស្រ្តដឹកជញ្ជូនអាស៊ានឆ្នាំ ២០១៦-២០២៥ (ASEAN Transport Strategic Plan) និងផែនការមេដឹកជញ្ជូនផ្លូវទឹក ក្នុងតំបន់អាងទន្លេមេគង្គ (Master Plan for Regional Waterborne Transport in Mekong River Basin) ។

ជារួមការកំណត់ និងការដាក់ចេញនូវទស្សនវិស័យ គោលដៅគោលបំណង និងយុទ្ធសាស្រ្តនៅក្នុង «ផែនការមេអន្តរកាល» នេះ គឺផ្អែកលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល, និន្នាការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងប្រទេស និងក្នុងតំបន់ និងតម្រូវការជាក់ស្តែង និងការព្យាករកំណើននៅពេល អនាគត។ គម្រោងអាទិភាព ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម ទាំងផ្នែករឹង និងផ្នែកទន់ចំនួន៣២០គម្រោងត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ការអនុវត្ត ផែនការមេអន្តរកាលនេះ ក្នុងរយៈពេលខ្លី, មធ្យម និងវែង។

ក្រោយពីកិច្ចពិភាក្សា, ក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានសម្រេច៖

១៖ ទទួលស្គាល់ការចូលរួមវិភាគទាន ពីសំណាក់ដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំផែនការមេលំអិតតាមវិស័យនីមួយៗ
២៖ អនុម័តជាផ្លូវការនូវផែនការមេអន្តរកាល សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ ២០២០-២០២១ ហើយ «ផែនការមេអន្តរកាល» គឺជាមូលដ្ឋាន ក្នុងការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដែលគ្រោងធ្វើឡើងនៅក្នុងឆ្នាំ២០២១ ។

ជាមួយគ្នានេះ, ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ក៏បានសម្រេចនូវគម្រោងអាទិភាពមួយចំនួន ដែលត្រូវដាក់ បញ្ចូលទៅក្នុងផែនការវិនិយោគសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ។ ផ្អែកលើ «ផែនការមេអន្តរកាល» នេះ, ក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម បានកំណត់ផែនការ និងរៀបចំយន្តការ ក្នុងការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» នៅក្នុងឆ្នាំ ២០២១ ដោយបំពេញបន្ថែមនូវសមាសភាគសំខាន់ពីរគឺ ការដឹកជញ្ជូនតាមផ្លូវអាកាស និងការដឹកជញ្ជូនពហុមធ្យោបាយ និងត្រូវរួមបញ្ជូលនូវ៖ យន្តការស្ថាប័ន សម្រាប់គ្រប់គ្រងការអនុវត្តន៍, ការបញ្ចូលនូវផ្នែកព័ត៌មានវិទ្យា (digital technology) សម្រាប់សម្របសម្រួលការគ្រប់គ្រង, ក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍, ការវិនិយោគ និងយន្តការដំណោះស្រាយ ផលប៉ះពាល់ផងដែរ ។

ជារួម, «ផែនការមេអន្តរកាល» នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌ រួមនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធភស្តុភារកម្ម ដែលនឹងជួយបង្កើន ប្រសិទ្ធភាពវិនិយោគសាធារណៈលើហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពនិងបរិយាបន្ន។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ ផែនការមេអន្តរកាលនេះ និងបានណែនាំឱ្យក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បន្តការសហការគ្នាក្នុងការរៀបចំផែនការមេ គ្រប់ជ្រុងជ្រោយនាពេលខាងមុខ៕