(ភ្នំពេញ)៖ ផ្លាកលេខរថយន្តពិសេស ដែលអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបើកលក់ជាផ្លូវការហើយ គឺចំខួប៤១ឆ្នាំថ្ងៃដែលពលរដ្ឋរស់រានមានជីវិតឡើងវិញ។ ផ្លាកលេខពិសេសនេះ មានតម្លៃចន្លោះពី២លានរៀល រហូតដល់ ១ពាន់លានរៀល។
ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើរហូតដល់ទៅ ៣.៥ទ្រីលាន។
ក្នុងពិធីដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេសនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រាល់ការទិញផ្លាកលេខពិសេសនេះ ក្នុងករណីទិញទុកអនុញ្ញាតត្រឹមរយៈពេល៩០ថ្ងៃ ដើម្បីយករថយន្តមកចាប់ផ្លាកលេខ។ បើលើសពី៩០ថ្ងៃ ផ្លាកលេខនេះនឹងចូលទៅក្នុងប្រព័ន្ធវិញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ផ្តើមពី២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ ក្រៅពីការជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បានហើយនោះ ផ្លាកលេខពិសេសនេះ អាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។
ប៉ុន្តែបើលក់រថយន្តចាស់ចេញទៅហើយ គឺត្រូវយករថយន្តថ្មីទៅកិបលេខនេះផងដែរ បើមិនយករថយន្តថ្មីទៅកិបលេខក្នុងរយៈពេល៣ខែ ផ្លាកលេខរថយន្តនឹងធ្លាក់ចូលទៅក្នុងប្រព័ន្ធដាក់លក់វិញហើយ។
បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ ផ្លាកលេខពិសេសនេះ មិនអនុញ្ញាតឱ្យដាក់ពាក្យពេជ្រមួយចំនួនដូចជា ពាក្យអាសអាភាសន៍ ឈ្មោះប្រាសាទ ឈ្មោះថ្នាក់ដឹកនាំ និងស្ថាប័នធំៗដែលគេស្គាល់ច្រើនក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បាននោះទេ។ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តមានផ្លាកលេខធម្មតាហើយ អាចប្តូរទៅប្រើផ្លាកលេខពិសេសនេះបានផងដែរ ប្រសិនបើពួកគេចង់ប្តូរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការដាក់លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ដើម្បីបំពេញតម្រូវការបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ផ្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត។ ផ្លាកលេខពិសេសនេះអនុញ្ញាតឱ្យទុកប្រើប្រាស់បន្តទៅឡានក្រោយៗទៀតនៅពេលទិញឡានថ្មី និងអាចទុកដល់តកូន តចៅបានទៀតផង។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានអះអាងថា ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេស ដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរ៕