(កែប)៖ ក្រោយបញ្ចប់ទាំង៣ថ្ងៃ នៃការប្រណាំងកង់ពិភពលោកតាមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ក្រុមកីឡាករកម្ពុជាចំនួន ៣នាក់ ត្រូវបានគណៈកម្មការរៀបចំការប្រកួតវាយតម្លៃថាធ្វើបានល្អប្រសើរច្រើន ក្នុងការប្រណាំងកង់ក្នុងប្រទេសខ្លួនលើកដំបូងនេះ ដោយប្រើថេរវេលាខ្លីហើយប្រកៀកប្រកិតពីក្រោយកីឡាករជយលាភីមកពីបរទេស ទោះបីជាដណ្ដើមជើងឯក ឬជយលាភីណាមួយមិនបានក៏ដោយ។
កីឡាករកម្ពុជាទាំង៣នាក់នោះ រួមមាន៖
* កីឡាករ សាន ណាម៉ាវ ប្រើថេរវេលាសរុបទាំង៣ថ្ងៃ ១២ម៉ោង ៩នាទី និង ៣៤វិនាទី។
* កីឡាករ គីម ចន្ធូ ប្រើថេរវេលាសរុបទាំង៣ថ្ងៃ ១២ម៉ោង ១៦នាទី និង ៣៦វិនាទី។
* កីឡាករ សាង សីហា ប្រើថេរវេលាសរុបទាំង៣ថ្ងៃ ១២ម៉ោង ១៨នាទី និង ៤៩វិនាទី។
ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ បានបញ្ចប់ជាស្ថាពរនាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅមុខសាលាខេត្តកែប ក្រោយប្រកួតរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដែលមានចម្ងាយផ្លូវសរុប ៤៥៤.៦គីឡូម៉ែត្រ។
សម្រាប់ពិធីបញ្ចប់ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក Bruno BODARD អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក និងលោក កែន សត្ថា អភិបាលខេត្តកែប រួមទាំងគណៈកម្មការបច្ចេកទេសមកពីសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ក្រុមការងារ និងកីឡាករជាតិ-អន្ដរជាតិផងដែរ។
សម្រាប់លទ្ធផលជារួមក្នុងការប្រកួតរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team ប្រើថេរវេលាសរុបទាំង៣ថ្ងៃ ១១ម៉ោង ៥៥នាទី និង ២វិនាទី។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman មកពីក្លឹប Team Sapura Cycling ប្រើថេរវេលាសរុបទាំង៣ថ្ងៃ ១១ម៉ោង ៥៧នាទី និង ២៧វិនាទី។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team ប្រើថេរវេលាសរុបទាំង៣ថ្ងៃ ១១ម៉ោង ៥៧នាទី និង ២៧វិនាទី។
ដោយឡែកចំណាត់ថ្នាក់កីឡាករធ្វើបានល្អជាងគេក្នុងពេល៣ថ្ងៃនេះ រួមមាន៖
* កីឡាករក្មេងល្អជាងគេបានទៅកីឡាករម៉ាឡេស៊ី Rosli Muhammad Nurfitri Ammar ទទួលបានជយលាភីអាវពណ៌ស។
* កីឡាករប្រណាំងជែងល្អជាងគេបានទៅលើកីឡាករម៉ាឡេស៊ី Mohd Zariff Muhamad Nur Aiman ទទួលបានជយលាភីអាវពណ៌បៃតង។
* កីឡាករប្រណាំងឡើងភ្នំល្អជាងគេបានទៅលើកីឡាករហុងកុង Choy Hiu Fung ទទួលបានជយលាភីអាវក្រហម។
* កីឡាករធ្វើបានល្អជាងគេទាំងជែង និងឡើងភ្នំបានទៅលើកីឡាករឡាវ Phounsavath Ariya ទទួលបានជយលាភីអាវពណ៌លឿង។ កីឡាកររូបនេះហើយដែលជាជើងឯកក្នុងព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកលើកទី១នៅកម្ពុជា៕