(ព្រះសីហនុ)៖ នៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៦-០៧ ខែមករា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងសាលាដំបូង ខេត្ដព្រះសីហនុ បានដឹកនាំមន្ដ្រីជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់៣ បានចុះត្រួតពិនិត្យទីតាំងលែ្បងកំសាន្ដ លួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់៣ទីតាំង។
ទីតាំងលែ្បងកំសាន្ដ លួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ទាំង៣នោះមាន៖ ទី១៖ ឈ្មោះទីក្រុងហ្គេមកំសាន្ដតាចុងហ័រ ស្ថិតនៅក្បែររង្វង់មូលត្រីដូហ្វីន ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ, ទី២៖ ហ្គេមកំសាន្ដតាកវ័នជែ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ និងទី៣៖ គ្មានស្លាកយីហោ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សមត្ថិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារបានត្រួតពិនិត្យទីតាំងទាំងនោះ រកឃើញពុំមានលិខិតអនុញ្ញាតិ ឲ្យប្រកបអាជីវកម្មពីអាជ្ញាធរមានសមត្ថកិច្ចត្រឹមត្រូវទេ ដោយអ្នកកាន់កាប់បានលួចលាក់ បើកល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមផ្លាកល្បែងកំសាន្ដ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ បានធ្វើការនាំខ្លួនមនុស្សចំនួន៣០នាក់ (ស្រី៦នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
ដោយក្នុងនោះមាន៖ ទីតាំងទី១ នាំខ្លួនមនុស្ស ២៣នាក់(ស្រី៦នាក់) ភ្ញៀវ១៧នាក់ (ស្រី១នាក់) បុគ្គលិក៦នាក់ (ស្រី៥នាក់) ជនជាតិចិន៨នាក់ (ស្រី១នាក់) ជនជាតិខ្មែរ១៥នាក់ (ស្រី៥នាក់) ដែលមានឈ្មោះ MENG CHUN PING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាចុងហ័រ។ ទីតាំងទី២ នាំខ្លួនមនុស្ស៦នាក់ (ស្រី១នាក់) ភ្ញៀវ៤នាក់ បុគ្គលិក២នាក់ (ស្រី១នាក់) ជនជាតិចិន៥នាក់ ជនជាតិខ្មែរ១នាក់ (ស្រី១នាក់) ដែលមានឈ្មោះ MENG YAO PENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាកវ័នជែ និងទីតាំងទី៣ នាំខ្លួនមនុស្ស១នាក់ ឈ្មោះ XU YIBIAO ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងគ្មានស្លាកយីហោ។
សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៣០នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរតាមនីតិវិធី៕