(ភ្នំពេញ)៖ ព្រះរាជទ្រព្យចំនួន២ម៉ឺដុល្លារ និងគ្រឿងបរិភោគ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀតដែលជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារសពទាំង៣៦នាក់ និងអ្នករងរបួស២៣ ដោយសារការរលំអគារ នៅខេត្តកែបហើយ។
បន្ទាប់ពីទទួលបាននូវ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាចំនួន២ម៉ឺនដុល្លារ របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ទៅប្រគល់ជូនក្រុមគ្រួសារសព ទាំង៣៦នាក់ (ប្រុស២២នាក់, ស្រី១៤នាក់) និងអ្នករងរបួសទាំង២៣នាក់ (ប្រុស១៥នាក់,ស្រី៨នាក់) នៅតាមរាជធានី-ខេត្តចំនួន១៣។
ក្នុងឱកាសនោះ មានលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលអញ្ជើញទៅតាមមុខព្រួញគោលដៅចំនួន៦គោលដៅ បានពាំនាំនូវព្រះរាជបន្ទូលរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ យ៉ាងក្រៃលែងចំពោះសោកនាដកម្ម ដែលបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះទាំងអស់។ សូមជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយឡើងវិញ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ សពជនរងគ្រោះ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រទានដល់ក្រុមគ្រួសារ អ្នកស្លាប់ទាំង ៣៦នាក់ ក្នុងម្នាក់ៗថវិកា ៤០០ដុល្លារ អង្ករ១២០គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង និងទឹកក្រូច៥កេស។ ប្រទានដល់អ្នករងរបួស២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងម្នាក់ៗថវិកា ២៤៣ដុល្លារ មី២កេស ទឹកដោះគោ២ឡូ ស្ករស ៤គីឡូក្រាម ត្រីខ២០កំប៉ុង និងឃីត១ (មុង១ភួយ១ សារុង១ ក្រមា១ អាវយឺត២)។
ដោយឡែកសាខាកាកបាទក្រហមកម្ពុជា តាមខេត្តសាមីទាំង១៣ រួមមាន កែប កំពត ព្រៃវែង ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពង់ធំ បន្ទាយមានជ័យ រតនគិរី បាត់ដំបង កណ្តាល និងរាជធានីភ្នំពេញ ក៏បានចូលរួមរំលែកទុក្ខ សួរសុខទុក្ខ ព្រមទាំងនាំយកស្បៀង សម្ភារ និងថវិកា ផ្តល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនៅតាមខេត្តរៀងៗខ្លួន និង នៅមន្ទីរពេទ្យផងដែរ៕