(ព្រះសីហនុ)៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០២ ក្នុងឃុំតានៃ និងឃុំវាលរេញ ស្រុកព្រៃនប់ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញដឹកនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលលោកតែងតែ យកចិត្តទុកដាក់ ដល់កងកម្លាំងសមត្ថកិច្ចក្រោមឱវាទ ជាពិសេសដោយមើលឃើញកង្វះខាត កន្លែងអគារធ្វើការរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃឃុំទាំងពីរនេះ ទើបនាយឧត្តមសេនីយ៍ និងលោកផ្ទាល់ និងសប្បុរសជននានា បានផ្តួចផ្តើមគំនិតសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរនេះ រួចរាល់ជាស្ថាបពរ ក្នុងពេលថ្មីៗ កន្លងមកនេះ ដោយចំណាយថវិកាសរុបប្រមាណជិត ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបន្តសាងសង់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ចំនួន២ទៀត គឺប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះរ៉ុងសន្លឹម។
លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា សមិទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ គឺជាការរួមចំណែកបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឃុំទាំងពីរឲ្យកាន់តែប្រសើរឡើង។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឆ្លៀតឱកាសសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យតានៃ ឃុំជើងគោ ស្រុកព្រៃនប់ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើងថា កាលពីឆ្នាំ២០១៥កន្លងទៅ ភរិយារបស់លោកតែងតែឃើញក្មួយៗ សិស្សានុសិស្សរស់នៅម្តុំនោះ ជារៀងរាល់ថ្ងៃសិស្សទាំងនោះ តែងតែឈរបក់ដៃសុំឡានអ្នកដំណើរជិះ មានទាំងរថយន្តដឹកទំនិញធុនធំៗផង ជួនពេលខ្លះមានជនសប្បុរសឈប់ឲ្យជិះ តែអ្នកខ្លះមិនឈប់ ដែលជាហេតុធ្វើឲ្យសិស្សមួយចំនួនខកខានមករៀនមិនទាន់ពេលជាញឹកញាប់។
មើលឃើញជាក់ស្តែង អំពីការលំបាករបស់ក្មួយៗ ដែលកំពុងរៀនសូត្រនៅទីនោះ ដោយសារសិស្សមួយចំនួនមានផ្ទះនៅឆ្ងាយ ពីសាលាហើយជួបការលំបាកខ្លាំង ក្នុងពេលធ្វើដំណើរទាំងទៅ និងមក ពិសេសក្មួយៗ ដែលមានផ្ទះនៅភូមិអន្លង់ក្រពើ និងភូមិចំការដូង ដែលមានចំងាយផ្លូវ រហូតចាប់ពី១០ ទៅ២០គីឡូម៉ែត្រ ទៅសាលារៀនព្រោះផ្ទះនៅឆ្ងាយៗ ពីសាលារៀនដោយក្តីអាណិតអាសូរ និងគិតគូរដល់សុវត្តិភាពរបស់ក្មួយៗ ទើបលោក និងសប្បុរសជននានា បានផ្តួចផ្តើមគំនិតជួលរថយន្តមួយគ្រឿង និងរ៉ឺម៉កមួយគ្រឿង សម្រាប់ដឹកសិស្សដែលរស់នៅឆ្ងាយៗទាំងនោះ ជារៀងរាល់ថ្ងៃ តាំងពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតមកទល់បច្ចុប្បន្ននេះ និងមានការឧបត្ថម្ភប្រេងជារៀងរាល់ខែ ពីលោកឧកញ៉ា ទៀ វិចិត្រ ផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានផ្តាំផ្ញើទៅកាន់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ថា ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ គឺជាខួប៤១ឆ្នាំ ដែលប្រទេសកម្ពុជា ត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឲ្យស្មារតីថ្ងៃរំដោះនេះ ស្ថិតនៅក្នុងក្រអៅបេះដូង មនុស្សគ្រប់ៗរូប និងសូមស្មារតី ៧ មករា ជានិមិត្តរូប នៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅ ជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្តរ៍ និងសូមអរគុណសន្តិភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភថវិកា និងសម្ភារសិក្សាមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យតានៃ ក៏ដូចជាកងកម្លាំង និងប្រជាការពារទាំងអស់ដែលនៅទីនោះនូវថវិកាមួយផងដែរ៕