(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានអញ្ជើញចូលរួមក្នុងពិធី បិទការប្រកួតកីឡាបាល់ទាត់ និងប្រគល់ជូនពានរង្វាន់-ផ្តល់ប្រាក់ឧបត្ថម្ភរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់ក្រុមកីឡាករទទួលជ័យលាភី និងកីឡាករទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។
កម្មវិធីនេះប្រកួតនេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលមានកីឡាករ ចូលរួមប្រមាណ៤០០នាក់ និង ចែកជា១៦ក្រុម មកពីភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ដល់ក្រុមកីឡាករទាំងអស់ និងការអបអរសាទរដល់ក្រុមកីឡាករ ទទួលបានជ័យលាភី ពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខរបស់ចំពោះយុវជន និងប្រជាពលរដ្ឋ។
លោក កៅ ថាច បានកោតសរសើរដល់កីឡាករទាំងអស់ ដែលមានស្មារតីកីឡា ការរឹតចំណងមិត្តភាព សាមគ្គីភាព ដែលបានគោរពបាននូវបទបញ្ជា បច្ចេកទេស ក្រមសីលធម៌ល្អក្នុងការប្រកួត បញ្ចេញសមត្ថភាព ដើម្បីដណ្តើមយកជ័យជំនះ ហើយបើទោះជាចាញ់ក៏ទទួលបានមកវិញនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ ជាពិសេសរួមចំណែកកាត់បន្ថយភាពអសកម្មផ្សេងៗ នៅក្នុងសង្គមទៀតផង។
ដោយសារតែការបិទប្រកួតនេះ ចំថ្ងៃដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្រារព្ធមិទ្ទីងអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ៧មករានោះ លោក កៅ ថាច បានលើកយកពីតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាន នៃថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មកបញ្ជាក់ប្រាប់ដល់ប្អូនៗជាយុវជន។
លោក កៅ ថាច ថ្លែងថា ថ្ងៃ៧មករា ឆ្នាំ២០២០នេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកបានបន្តថា លើមូលដ្ឋានជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញ នូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមជ័យជម្នះ ៧មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រ។
ដោយមើលឃើញពីតម្លៃនៃសន្តិភាព លោក កៅ ថាច បានអំពាវនាវដល់បងប្អូនយុវជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព ព្រោះមានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន។ សូមអរគុណ សន្តិភាព។
សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាលនេះ បានរកឃើញម្ចាស់ជ័យលាភី៣ក្រុម៖ ដោយក្រុមជ័យលាភីលេខ១ ទទួលបានពានរង្វាន់ និងថវិកា៤លានរៀល, ក្រុមលេខ២ ទទួលបានពានរង្វាន់ និងថវិកា២លានរៀល និងលេខ៣ ទទួលបានពានរង្វាន់ និងថវិកា១លានរៀល។ ចំណែនក្រុមដែលមិនទទួលបានជ័យលាភី ទទួលថវិកាលើកទឹកចិត្ត២០ម៉ឺនរៀលក្នុង១ក្រុម។ សម្រាប់ការរៀបចំការប្រកួតនេះ លោក កៅ ថាច បានចំណាយថវិកាជាង៤០លានរៀល៕