(ព្រៃវែង)៖ លោក ហួម តាំងហឿត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប ទី៤១ នៃទិវាជ័យជម្នះ ០៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០)។
ថ្លែងក្នុងឱកាសនោះ លោក ហួម តាំងហឿត បានបញ្ជាក់ថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម, សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។
លោក ហួម តាំងហឿត បានអះអាងទៀតថា ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដ សម្រាប់កម្ពុជាទាំងមូល។ ដូច្នេះបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព។
គួរជម្រាបថា ក្នុងឱកាសនោះដែរ លោក ហួម តាំងហឿត ក៏បានឧបត្ថម្ភសៀវភៅរឿង សម្រាប់ផ្ដល់ជូនដល់សាលាបឋមសិក្សាព្រៃព្រហ្ម និងសាលាបឋមសិក្សាពោធិ៍ទី ចំនួន២២៥ក្បាលផងដែរ ដើម្បីក្មេងៗបានសិក្សារៀនសូត្រ៕