(កណ្តាល)៖ នៅស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងស្រុកមុខកំពូល បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៏លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (៧.១.១៩៧៩ -៧.១.២០២០) នៅទីស្នាក់ការគណបក្សស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ព្រះសង្ឈ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ យុវជន សកម្មជន និងសមាជិកសមាជិកាគណបក្ស នៅក្នុងស្រុកមុខកំពូល ប្រមាណជិត២,០០០នាក់។
អង្គពិធីទាំងមូល បានស្តាប់ដោយយកចិត្តទុកដាក់ ចំពោះសុន្ទរកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីមីទ្ទីង រំលឹកខួប៤១ នៃទិវាជ័យជម្នះ ៧មករា។ អង្គពិធីទាំងមូល សូមចង់ចាំមិនភ្លេចនូវទិវាជ័យជំនះ៧មករា ជាអមតៈ ហើយស្មារតីនៃជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ និងជារបស់ប្រជាជនកម្ពុជាគ្រប់រូប នឹងបន្តស្ថិតស្ថេរ និងរស់រវើកជានិច្ចនៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត។
អង្គពិធីទាំងមូល ក៏បានលំឱនកាយសង្រួមចិត្ត គោរពវិញ្ញាណក្ខ័ន្តជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម និងអយុត្តិធម៌បំផុត នៅក្នុងរបបប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដរាបទៅ។ អង្គពិធីទាំងមូល មានមោទនភាពយ៉ាងក្រៃលែង ចំពោះការសម្រេចបាននូវសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តជាច្រើន នៅក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យទឹកដីកម្ពុជា មានការផ្លាស់ប្តូរទាំងស្រុង ដែលយើងមិនអាចស្មានដល់ ក៏ដូចជាសមិទ្ធផលលើគ្រប់វិស័យ ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩ ដែលជាផ្លែផ្កាកើតចេញពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឈរលើមូលដ្ឋាននេះ អង្គពិធីទាំងមូល សូមប្រកាសប្តេជ្ញា បន្តរួបរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ អង្គពិធីទាំងមូល សូមអរគុណសន្តិភាព និងសូមប្តេជ្ញាថែរក្សាការពារសន្តិភាព ឲ្យបន្តស្ថិតស្ថេរនៅលើទឹកដីកម្ពុជាជារៀងដរាប មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ ឲ្យបានដាច់ខាត។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានមានប្រសាសន៍សំណេះសំណាល ទៅកាន់អង្គពិធី ដោយបានលើកឡើងថា ជ័យជម្នះ ៧ មករា គឺជាស្មារតីនៃការងើបឡើងវិញ របស់ប្រជាជាតិខ្មែរ ដែលជិតតែនឹងរលត់ផុតពូជ ពីប្រវត្តិសាស្រ្តមនុស្សជាតិ ដោយសារការសម្លាប់រង្គាលទៅហើយ។ ជ័យជម្នះ ៧ មករា គឺជាជ័យជម្នះរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ទាំងអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ និងទាំងយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ផ្ទាល់នូវរបបដ៏ឃោឃៅនេះ។ លោកបានបន្តថា ជ័យជម្នះ ៧ មករា គឺជាសច្ចះធម៌នៃប្រវត្តិសាស្រ្ត ដែលមិនអាចនរណាម្នាក់ធ្វើការបំភ្លៃ និងបំផ្លើសពីការពិតបានឡើយ។
លោក វង្សី វិស្សុត មានថ្លែងថា យើងទាំងគ្នាពិតជាគួរឲ្យអនិច្ចាខ្លាំងណាស់ ដែលមាតុភូមិដ៏ស្រស់ស្អាតរបស់យើង ត្រូវធ្លាក់ចូលក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងបានបន្តធ្លាក់ចូល ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀត ដែលបានបំផ្លាញប្រទេសរបស់យើងនេះ ឲ្យខ្ទេចខ្ទីដល់ចំណុចសូន្យ។ ភ្លើងសង្រ្គាមរវាងខ្មែរ និងខ្មែរ និងដោយមានការចូលលូកដៃ ពីសំណាក់បរទេសនេះ មិនត្រឹមតែបានធ្វើឲ្យប្រជាជន ត្រូវទទួលរងទុក្ខសោកវេទនា ឥតគណនា និងបាត់់បង់នូវឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឲ្យប្រទេសជាតិរបស់យើង ត្រូវដើរថយក្រោយទៀត ប្រសិនបើយើងធ្វើការប្រៀបធៀប ជាមួយនឹងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ ដូចជា សឹង្ហបូរី ម៉ាឡេស៊ី ឬថៃបច្ចុប្បន្ន ដែលក្នុងពេលនោះ ប្រទេសទាំងនេះ មានកម្រិតនៃការអភិវឌ្ឍប្រហាក់ប្រហែលនឹងកម្ពុជាដែរ។
លោក វង្សី វិស្សុត បានបន្តថា នៅក្នុងរយៈពេល ៤១ឆ្នាំ កន្លងមកនេះ និយាយជារួម និងជាពិសេសនិយាយឡែក នៅក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ដែលប្រទេសយើងទទួលបាននូវការអភិវឌ្ឍយ៉ាងលឿនបំផុតនោះ គឺដោយសារកត្តាសន្តិភាព និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជជនកម្ពុជា ដែលតែងបានរួមសុខរួមទុក្ខ និងធ្វើជាបង្អែករបស់ប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសតួអង្គដ៏សំខាន់ និងមិនអាចខ្វះបានរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរបស់គណបក្ស ទាំងក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងការពារជាតិ ទាំងក្នុងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ ព្រមទាំងក្នុងបុព្វហេតុស្តារ, កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
លោក វង្សី វិស្សុត បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមរួបរួមគ្នាជាធ្លុងមួយ ប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាព ដែលយើងសម្រេចបាន មកដោយលំបាកជាទីបំផុតនោះឲ្យរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិរន្ត ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿង ហើយតម្រង់ទិសនៃការអភិវឌ្ឍនេះ សម្រាប់ទ្រទ្រង់ដល់ការថែរក្សាសន្តិភាពយូរអង្វែង តាមរយៈការខិតខំបន្តអភិវឌ្ឍសេដ្ឋកិច្ច, ការលើកកម្ពស់កម្រិត ជីវភាពប្រជាជន, ការបង្កើតការងារ និងឱកាសរកប្រាក់ចំណូលកាន់តែខ្ពស់ជាងមុន, ការទទួលបាននូវរបបសន្តិសុខសង្គមកាន់តែប្រសើរ, ការផ្តល់នូវសេវាសាធាណៈប្រកបដោយគុណភាពដល់ប្រជាជន ពិសេសអប់រំ សុខាភិបាល និងយុត្តិធម៌, ការធានាបាននូវយុត្តិធម៌ និងសមធម៌ក្នុងសង្គម, ព្រមទាំងការបែងចែកផលផ្លែកផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ដើម្បីបន្តទទួលបាននូវការទំនុកចិត្ត និងការគាំទ្រពីគ្រប់ស្រទាប់នៃប្រជាជន៕