(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំពិធីមីទ្ទិញរំឭកខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅបរិវេណសាលាខេត្ត ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី។
ក្នុងពិធីនេះ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង៤,០០០នាក់។
ក្នុងឱកាសនោះ បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ក្នុងពិធីមីទ្ទិញរំឭកខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា លោកអភិបាលខេត្ត និងលោកស្រី និងលោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បានចែកអំណោយជូនដល់និវត្តន៍ជន ចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល និងឃីតម្នាក់១កញ្ចប់។
លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងថា អត្ថន័យដ៏ជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់សម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា ទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩.
ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស ចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបាន ហើយបច្ចុប្បន្ននេះ សន្តិភាពជាឱកាសពេជ្រ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ ដូចដែលយើងឃើញផ្ទាល់ភ្នែក នៅខេត្តស្វាយរៀង យើងត្រូវរួមគ្នាថែរក្សាសន្តិភាពដើម្បីពន្លឿនវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាល៕