(កែប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកទឹកចិត្តដល់កីឡាករប្រណាំងកង់កម្ពុជាកុំឱ្យបាក់ទឹកចិត្តចំពោះការមិនដណ្តើមបានជោគជ័យក្នុងពិធីប្រណាំងកង់ពិភពលោកនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានជំរុញឱ្យពួកគេប្រឹងប្រែងបង្វឹកសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីឈានទៅដណ្តើមជ័យជម្នះ និងទទួលបានលទ្ធផលល្អក្នុងប្រកួតក្រោយៗទៀត។
ការលើកទឹកចិត្ត ក៏ដូចជាការក្រើនរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញចូលរួមពិធីផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់ ដំណាក់កាលទី៣ និងពិសាអាហារសាមគ្គី នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០។
ក្រោយពីការប្រកួតបានបញ្ចប់ លោករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសផ្ដល់មេដាយ និងអាវពណ៌សជូនកីឡាករសញ្ជាតិហ្វីលីពីន ដែលជាកីឡាករវ័យក្មេងល្អជាងគេ និងអាវពណ៌ក្រហមជូនកីឡាករសញ្ជាតិហុងហុងដែលជាកីឡាករឡើងភ្នំល្អជាងគេ នៃព្រឹត្តិការណ៍ប្រណាំងកង់ទាំងមូល។
នៅយប់ថ្ងៃដដែលនោះលោករដ្ឋមន្ត្រី បានចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជូនចំពោះកីឡាករ និងគណៈកម្មការរៀបចំកម្មវិធីទាំងអស់។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបថាព្រឹត្តិការណ៍ប្រណាំងកង់នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាគំនិតផ្ដួចផ្ដើមមួយថ្មីសម្រាប់លើកកម្ពស់វិស័យកីឡាប្រណាំងកង់នៅកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមផងដែរ។
លោកបន្តថា ព្រឹត្តិការណ៍ប្រណាំងបែបនេះ ជាក្តីស្រមៃរបស់សហព័ន្ធ ដែលតែងតែចង់ឃើញ និងចង់បង្កើតឲ្យមានការប្រកួតកីឡាប្រណាំងកង់កម្រិតពិភពលោកកម្រិតអាជីពនៅកម្ពុជា ដើម្បីឲ្យសហព័ន្ធខ្មែរកីឡាទោចក្រយានទទួលបាននូវចំណេះដឹង បទពិសោធន៍ បច្ចេកទេសជំនាញ តាមរយៈការរៀនសូត្រផ្ទាល់ អនុវត្តផ្ទាល់ ធ្វើផ្ទាល់ និងឃើញផ្ទាល់ ក្នុងគោលដៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។
ចំពោះការចូលរួមរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា លោករដ្ឋមន្ត្រី បានលើកទឹកចិត្តបន្ថែមថា ទោះបីកីឡាករកម្ពុជាមិនទាន់បង្ហាញគុណផលកីឡាក្នុងការប្រណាំងបានល្អនាពេលនេះក្ដី ប៉ុន្តែបានបង្ហាញការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងគួរឱ្យកោតសរសើរ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ស្នើកីឡាករកម្ពុជា ខិតខំហាត់ហ្វឹកហ្វឺនបន្ថែមទៀត និងត្រៀមចូលរួមប្រកួតកម្រិតពិភពលោកនេះនាឆ្នាំក្រោយៗទៀត រហូតដល់មានសមត្ថភាពបច្ចេកទេសខ្ពស់ អាចប្រកួតប្រជែង និងទទួលបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់កម្រិតពិភពលោក កម្រិតតំបន់ ជាពិសេសក្នុងពេលប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ជាចុងក្រោយ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសស្នងការប្រកួត ដល់សមាជិកសហព័ន្ធខ្មែរកីឡាទោចក្រយាន និងបានផ្តល់សិទ្ធិឲ្យកីឡាករជម្រើសជាតិ កម្ពុជាបានចូលរួមប្រកួតចំនួន០៣ក្រុម ដើម្បីចាប់យកបទពិសោធន៍បច្ចេកទេសប្រណាំងកម្រិតពិភពលោកថ្មីៗ និងជាឱកាសបានប្រកួតប្រជែងជាមួយក្រុមអាជីពខ្លាំងៗ ដែលមកពី ១៦ប្រទេស ចូលរួមនាពេលនេះ៕