(បាត់ដំបង)៖ ម្ចាស់លំនៅឋាន និងអាជីវកម្ម នៅកំណាត់ផ្លូវលេខ១ ក្រុងបាត់ដំបង ដោយស្ម័គ្រចិត្តទម្លាក់ស្លាកយីហោពាណិជ្ជកម្មរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ ក្រុងបាត់ដំបង និងដើម្បីអបអរសាទរបុណ្យទន្លេ ខណៈដែលខេត្តបាត់បង ធ្វើជាម្ចាស់ផ្ទះ នៅខែមីនា ឆ្នាំ២០២០ខាងមុខនេះ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបងឲ្យដឹងថា យើងចាប់ផ្តើមសហការជាមួយក្រុមជាង និងម្ចាស់ផ្ទះចំនួន២ផ្ទះជាគំរូ ដើម្បីកាត់ស្លាកយីហោពាណិជ្ជកម្ម នៅខាងលើតាមមុខផ្ទះកំណត់ ដូចខាងក្រោម៖
* ត្រូវដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងអស់ចេញពីលើចិញ្ចើមផ្លូវ។
* ត្រូវដោះសំយាបដែលគ្រប លើចិញ្ចើមផ្លូវដើរខាងមុខលំនៅឋាន ឬសំណង់នានាចេញ។
* ត្រៀមរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោ ឲ្យសមស្របតាម បទប្បញ្ញត្តិ ស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ខេត្តបាត់ដំបង។
* ដោយរក្សានូវរចនាបទដើមបុរាណសំណង់បេតិកភណ្ឌ និងដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ ក្រុងបាត់ដំបង ដើម្បីអបអរសាទរបុណ្យទន្លេផង។
លោក ផេង សិទ្ធី បានបន្តទៀតថា រយៈពេលកាត់ទម្លាក់ស្លាកយីហោនេះ ក្រុមការងារយើងចាប់ធ្វើរហូត ដល់ចុងខែមករា ឆ្នាំ២០២០នេះ ឲ្យហើយជាស្ថាពរ ហើយក៏មានការរៀបស្លាកយីហោថ្មី នៅផ្ទះតាមស្តង់ដារតែមួយដូចៗគ្នាផងដែរ៕