(កំពង់ធំ)៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៤១ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩ និង ៧មករា ២០២០ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងអ្នកមុខអ្នកការប្រតិភូអមដំណើរ ប្រធានអនុប្រធានមន្ទីរ មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសរុបជិត១ម៉ឺននាក់ ដែលរៀបចំធ្វើឡើង នៅក្នុងភោជនីយដ្ឋាន រស្មីច័ន្ទពេញវង្ស ស្ថិតក្នុងភូមិបល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សុខ លូ បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តោតនូវសារៈសំខាន់ នៃថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រជាជនកម្ពុជា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានអបអរសាទរ ដែលប្រទេសជាតិមានសន្តិភាព ក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន ប្រជាជនយើងកំពុង បានរស់នៅយ៉ាងសុខដុមរមនា ក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ច នូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត។
លោកបណ្ឌិត ងួន ញ៉ិល បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានអនុវត្តនយោបាយឈ្នះៗ បង្រួបបង្រួមជាតិ ខ្មែរតែមួយ ឲ្យរស់នៅក្រោមម្លប់សន្តិភាព ដោយទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រ ជាក់ស្តែងថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ និង៧មករា ២០២០ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងមានអ្វីៗគ្រប់យ៉ាងក្នុងពេលនេះ រាជរដ្ឋាភិបាល បានធ្វើការ៖
* កំណែទម្រង់រដ្ឋបាលសាធារណៈ
* កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
* កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
* កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានធានានូវការលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័នរដ្ឋគ្រប់ថ្នាក់
* ការផ្តល់សេវាសាធារណៈជូនប្រជាជន
* ការពង្រឹងយុត្តិធម៌ និងសមភាពក្នុងសង្គម
* ការបង្កើនចំណូលថវិកាជាតិ និងការគ្រប់គ្រងចំណាយ ប្រកបដោយវិចារណភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាល មានគោលនយោបាយ ជូនកម្មការិនី ដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឲ្យអនុវត្តនូវ៖
* ការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក
* លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ គាំពារផ្នែកសុខភាពប្រកបដោយគុណភាពមិនគិតថ្លៃដល់កុមារ
* មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្ស ចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ
* កម្មករបម្រើការងារ ក្នុងវិស័យកាត់ដេរ និងស្បែកជើងនិយោជិត ទទួលប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារអាមេរិក និងត្រូវបានដំឡើងដល់១៩០ ដុល្លារអាមេរិក ចាប់ពីខែមករាឆ្នាំ២០២០នេះ។
លោបណ្ឌិតបន្ដទៀតថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើកស្ទួយជីវភាពប្រជាកសិករ ខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
លោកបណ្ឌិត ងួន ញ៉ិល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះ អាចស្ថិតស្ថេរគង់វង្សប្រកបដោយនិរន្តភាព សំរាប់អនាគតយូរអង្វែង តទៅ ហើយប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម ត្រូវជួយផ្សព្វផ្សាយពីសមិទ្ធផល ដែលរាជរដ្ឋាភិបាលខិតខំ ឲ្យទៅដល់ប្រជាពលរដ្ឋទូទៅ ពីការរីកម្រើនរបស់ប្រទេសជាតិ តាំងពីកម្រិតសូន្យ មកដល់ពេលនេះផងដែរ៕