(រតនគិរី)៖ លោក លី ធុជ ប្រធានក្រុមកការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុត ឲ្យស្ថិតស្ថេរគង់វង្ស ប្រកបដោយនិរន្តរភាព សម្រាប់អនាគតយូរអង្វែងតទៅ។
ការអំពាវនាវរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជារូបនេះ ក្នុងឱកាលដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោក លី ធុជ បានលើកឡើងថា ក្រោមការដឹកនាំរបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានអនុវត្តនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិខ្មែរតែមួយ ឲ្យរស់នៅក្រោមម្លប់សន្តិភាព ដោយទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងថ្ងៃនេះ ជាថ្ងៃគម្រប់ខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០) បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងមានអ្វីៗគ្រប់បែបយ៉ាង។
លោកបន្តថា ក្នុងពេលនេះរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធ៌ម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានធានានូវការលើកកម្ពស់អភិបាលកិច្ចល្អ នៃស្ថាប័នរដ្ឋគ្រប់ថ្នាក់ ការផ្តល់សេវាសាធារណៈជូនប្រជាជន ការពង្រឹងយុត្តិធ៌ម និងសមភាពក្នុងសង្គម ការបង្កើនចំណូលថវិកាជាតិ និងគ្រប់គ្រងចំណាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោក លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាល មានគោលនយោបាយជូនកម្មការិនី ដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឲ្យអនុវត្ត នូវការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនក្រោមអាយុ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធ៌ម ឬប័ណ្ណអទិភាព ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព មិនគិតថ្លៃដល់កុមារ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្ស ចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ។
លោកបន្ថែមថា កម្មករបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងនិយោជិត ទទួលប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារ នឹងត្រូវដំឡើងដល់១៩០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកស្ទួយជីវភាពប្រជាកសិករ ខិតខំធ្វើឲ្យស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕