(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំតំបន់ប្រវត្តសាស្ត្រយោធា (អន្លង់វែង)។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររៀបចំ តំបន់ប្រវត្តិសាស្ត្រយោធា ដែលបានសហការ ជាមួយបណ្តាអង្គភាព ស្ថាប័ន ពាក់ព័ន្ធដើម្បីសម្រេចបាននូវការធ្វើសិក្ខាសាលានាថ្ងៃនេះ និងបានវាយតម្លៃខ្ពស់ពីដាក់អន្លង់វែង ជាតំបន់ប្រវត្តិសាស្ត្រយោធា ពីព្រោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗ ជាច្រើនកើតឡើងនូវទីនេះ។
ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ ទេសរដ្ឋមន្ដ្រី គន់ គីម សន្យាថា នឹងគាំទ្រអស់ពីលទ្ធភាព ក្នុងការកសាងតំបន់ប្រវត្តិសាស្ត្រយោធា អន្លង់វែង ព្រោះនេះជាការអនុវត្តយុទ្ធសាស្ត្រ៣ និងសកម្មភាពប្រតិបត្តិការ និងអភិវឌ្ឍន៍១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឆ្លងតាមសិក្ខាសាលានេះ ទេសរដ្ឋមន្ដ្រី គន់ គីម សង្ឃឹមថា អន្លង់វែងនឹងទទួលបានការអភិវឌ្ឍថ្មីៗ បន្ថែមទៀត ហើយលទ្ធផល នៃសិក្ខាសាលានៅអន្លង់វែង និងក្លាយជាបទពិសោធ សម្រាប់សិក្ខាសាលានៅតំបន់ផ្សេងៗទៀត។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា មាននយោបាយឈ្នះៗ ទើបបមានសន្តិភាព មានសន្តិភាពទើបអន្លង់វែង ក៏ដូចជាតំបន់សមរភូមិផ្សេងទៀត និងទូទាំងប្រទេសទទួលបានការអភិវឌ្ឍដូចសព្វថ្ងៃ។ លោកថា អរគុណសន្តិភាព គឺជាការពិត អគុណសន្ភិភាព ត្រូវតែដឹងគុណសម្តេចតេជោ ព្រោះសម្តេចជាអ្នកនាំសន្តិភាពជូនប្រទេសជាតិ។
សូមបញ្ជាក់ថា អង្គសិក្ខាសាលា ក៏បានស្តាប់នូវការផ្សាយផ្ទាល់សុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងខួបលើកទី៤២ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២០)៕