(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរ តាមច្រកអន្តរជាតិជាំស្រងាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីជាប់ឃុំឃាំង អស់រយៈពេលជិត២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិជាំស្រងាំបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមករានេះថា សមត្ថកិច្ចប្រទេសថៃបានបញ្ជូនខ្លួនពលរដ្ឋខ្មែរចំនួន៤នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពីបទឆ្លងដែនដោយខុសច្បាប់ ចូលកាប់ឈើគ្រញូង ចូលតាមច្រកចាក់ច្រែង ខេត្តព្រះវិហារ និងបញ្ជូនទៅឃុំខ្លួន នៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។
មន្ត្រីនគរបាលបានបន្តថា ប្រជាពលរដ្ឋខ្មែរទាំង៤នាក់រួមមាន៖
ទី១៖ ឈ្មោះ អោប វង្ស ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ៩៨០ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
ទី២៖ ឈ្មោះ អាត វិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ៩៧ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
ទី៣៖ ឈ្មោះ លាន ទិត្យ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំសង្កែសាលោម ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
ទី៤៖ ឈ្មោះ សិន សារិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបិតធ្នូ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋទាំង៤នាក់ បន្ទាប់ពីបានធ្វើការអប់រំណែនាំរួច សមត្ថកិច្ចបានអនុញ្ញាត ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕