(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ បានរំលឹកថា ក្នុងរយៈពេល៤១ឆ្នាំមកនេះ ផ្ដើមចេញពីជ័យជម្នះ៧មករា ប្រទេសកម្ពុជា បាននឹងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ស្របទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ពីវាលពិឃាតតំបន់អសនិ្តសុខ ចម្ការមីន បានក្លាយជាតំបន់សន្តិភាព ជាតំបន់ទេសចរណ៍ ដែលមានប្រជាប្រិយក្នុងអាស៊ីអាគ្នេយ៍ ហើយទទួលបានភ្ញៀវទេសចរររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ការលើកឡើងរបស់លោក ស៊ុយ សែម ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញប្រារព្ធមីទ្ទីង រំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២០) នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ៨៥០០នាក់ផ។
លោក ស៊ុយ សែម បានថ្លែងថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម, សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបាន សម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដ សម្រាប់កម្ពុជាទាំងមូល។ ដូច្នេះបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។
លោករដ្ឋមន្ត្រីបន្តថា «យើងដឹងហើយថា បច្ចុប្បន្នគណបក្សប្រឆាំង ដឹកនាំដោយលោក សម រង្សី បានអំពាវនាវដល់សហភាពអឺរ៉ុប ឲ្យផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ លើកលែងតែអាវុធ មកលើកម្ពុជា តែទោះគ្មាន (EBA) ក៏កម្ពុជានៅតែមានសមត្ថភាពបង់ពន្ធ ហើយនៅតែបន្តរកស៊ី និងនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុបដដែល។ ក៏ប៉ុន្តែបើបាត់បង់ EBA មែន វាហាក់បីដូចជា បាត់បង់អ្វីៗដែលសហភាពអឺរ៉ុបធ្លាប់ជួយកម្ពុជា។ ទន្ទឹមនឹងនោះ កម្ពុជានៅតែមានប្រាក់បៀវត្ស សម្រាប់បើកឲ្យមន្ត្រីរាជការដដែល ហើយផ្ទុយទៅវិញការដក EBA គឺដូចជាការរួមចំណែកសម្លាប់ក្រុមអ្នកប្រឆាំងនោះផងដែរ»។
ក្នុងនាមក្រុមការងារ និងក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ស៊ុយ សែម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព និងសូមឲ្យបងប្អូនប្រជាកសិករ ខិតខំដាំបន្លែដែលគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងខេត្ត និងក្រៅខេត្ត។ ជាមួយគ្នានោះបងប្អូនជាអាជីវករ ដែលទើបនឹងផ្លាស់ប្តូរទីតាំងលក់ដូរថ្មី ក្នុងផ្សារភួពុយ ត្រូវប្រមូលគ្នាចូលរួមលក់ដូរឲ្យបានព្រមៗគ្នា ព្រោះថាលោកកញ៉ា ភួ ពុយ បានសម្រេចផ្តល់ទីតាំងឲ្យបងប្អូនលក់ដូរ ដោយឥតគិតថ្លៃចន្លោះពី៣ទៅ៥ឆ្នាំឯណោះ៕