(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក បានថ្លែងថា រយៈពេល៤១ឆ្នាំកន្លងទៅនេះផ្តើមពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណា នឹងនឹកស្មានដល់ ដោយបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសមរភូមិនៃសង្គ្រាមរុំារ៉ៃ ការបែកបាក់ជាតិ ការបែងចែកទឹកដីក្លាយជា ប្រជាជាតិតែមួយដ៏មានសុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
លោក ចាន់ កុលបុត្រ បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាមហាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ - ០៧ មករា ២០២០) ដែលមានការចូលពីក្រុមការងារចុះជួយឃុំពងទឹក និងជាប្រជាលរដ្ឋជាច្រើនរូបផងដែរ។
លោក ចាន់ កុលបុត្រ បានបន្តថា រាល់សមិទ្ធផលដែលយើងសម្រេចបានទាំងនេះគឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយដ៏ត្រឹមត្រូវ និងមានការលះបង់ខ្ពស់ របស់យុទ្ធជន យុទ្ធនារី មន្រ្តីគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមានឆន្ទៈមោះមុត បើទោះបី មាននិន្នាការនយោបាយដើមកំណើតជាតិសាសន៍ ជំនឿសាសនា ឬឋានៈតួនាទី ក្នុងសង្គមផ្សេងៗគ្នាក្តី ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះពីបណ្តាប្រទេសជាមិត្ត និងសហគមអន្តរជាតិ គឺគ្មានជនណា ឬមជ្ឈដ្ឋានណាអាចមកបដិសេធ ឬមូលបង្កាច់បានឡើយព្រោះថ្ងៃ ៧ មករា ជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជា បើគ្មាន ថ្ងៃជ័យជន្នះ ៧ មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាយើងទាំងក្នុងជំនាន់នេះក៏ដូចជាជំនាន់តទៅមុខទៀតគប្បីយល់ដឹង ច្បាស់លាស់ និងចងចាំជារៀងរហូត។
លោកបានបញ្ជាក់ថា យើងមិនត្រូវការរស់នៅក្នុងស្រមោលនៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅរកអនាគតដ៏រុងរឿង ដោយមានការដាក់ចេញនូវគោល នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅឆ្នាំ១៩៩៨ យើងបានអនុវត្តដោយជោគជ័យនូវដំណើរការសន្តិភាវូបនីយកម្មប្រទេស ជាតិទាំងមូល ដោយឈរលើមូលដ្ឋានបង្រួបបង្រួមជាតិ និងសមាហរណកម្មជាតិ និងបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាព ទឹកដីទាំងស្រុង ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជា។
ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ របស់ពួក ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែក ខេត្ដស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជំនាន់បានប្ដេជ្ញាចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបការៈដ៏ធំធេងនេះ និងបានចាត់ទុកថាថ្ងៃ ៧ មករា ជាថ្ងៃផ្ដល់កំណើតលើកទី២របស់ប្រជាជនកម្ពុជាយើង ព្រោះថាបើគ្មានថ្ងៃ០៧ មករា ក៏គ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ ពោលគឺ ជាថ្ងៃរំដោះប្រជាជនកម្ពុជាឱ្យរួចចាកផុតពីរបបដ៏ខ្មៅងងឹតប្រល័យពូជសាសន៍ ហើយបាននាំមកនូវពន្លឺសុខសន្ដិភាព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេស បានធ្វើឱ្យមាតុភូមិទឹកដីអង្គរដ៏បវរនៃយើងទទួលបាននូវការកសាង និងការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។
លោក ចាន់ កុលបុត្រ បានបន្តទៀតថា ដោយឈរលើមូលដ្ឋានថ្ងៃជ័យជម្នះ៧ មករា និងកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យវិនិយោគ ឯកជន និងការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ដ្រ វិស័យអប់រំសិក្សាធិការសុខាភិបាល ទឹកស្អាត ថាមពលអគ្គិសនី វិស័យព្រះពុទ្ធសាសនា កំពុងមាន ការអភិវឌ្ឍរីកចម្រើនឈានឡើងយ៉ាងឆាប់រហ័ស ដើម្បីជំរុញកំណើនល្បឿនសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលឆ្នាំ២០៣០ ប្រែក្លាយពីប្រទេសដែលចំណូលទាប ទៅជាប្រទេដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេស ដែលមានចំណូលខ្ពស់ផងដែរ៕