(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានថ្លែងថា ក្នុងខណៈពេលដែលប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិរបស់យើង បោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគាមួយដ៏ត្រឹមត្រូវប្រកបដោយក្តីសង្ឃឹម នឹងមិនអនុញ្ញាតឲ្យបុគ្គលណា ក្រុមណា បក្សណា ឬកម្លាំងណាមួយមកបំផ្លាញសុខសន្តិភាពនៅកម្ពុជាយើងបាននោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ នៅមុខសាលាខេត្តកំពង់ចាម ក្នុងពិធីអបអរសាទរខួបលើកទី៤១ ទិវាជ័យជំនះ ០៧ មករា ១៩៧៩- ០៧ មករា ២០២០ ដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់លោក ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបា លខេត្តកំពង់ចាម និងមន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋចូលរួមអបអរនៅក្នុងទិវាជ័យជំនះ ៧ មករានេះ ប្រមាណជាង ៨,០០០នាក់។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងមិនមែនជាភាពចៃដន្យនោះទេ ពោលគឺបច្ចុប្បន្នមានអ្នកវិនិយោគទុនបរទេសយ៉ាងច្រើន បានចូលមកវិនិយោគនៅកម្ពុជា នោះក៏ព្រោះតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានសេរីភាពនយោបាយ និងសេរីភាពម៉ាក្រូសេដ្ឋកិច្ច ហើយកម្ពុជា យើងបានចែងច្បាប់លើកទឹកចិត្តនៅក្នុងច្បាប់វិនិយោគផងដែរ។
ម្យ៉ាងទៀតកម្ពុជាយើង ជាតំបន់មួយនៅចំណុចកណ្ដាលនឹងជាប់តំបន់ទន្លេមេគង្គ ដែលមានកំណើនតភ្ជាប់សេដ្ឋកិច្ចខ្ពស់ជាពិសេសតំបន់កសិឧស្សាហកម្ម និងទេសចរណ៍ ជាដើម នឹងមានពលកម្មសម្បូរបែបបើគិតពីយុវជនមានអាយុ៣៥ឆ្នាំចុះ រហូតដល់ ៧២ភាគរយនៃប្រជាពលរដ្ឋក្នុងស្រុក ហើយកម្ពុជាយើងក៏បានបើកចំហ ឲ្យអ្នក វិនិយោគទុន ទាំងអស់អាចចូលមកវិនិយោគនៅប្រទេសកម្ពុជារបស់យើងផងដែរ៕