(ភ្នំពេញ)៖ ក្រុមគ្រួសារប្រជាពលរដ្ឋ ម្ចាស់ដីឡូត៍ពិតប្រាកដ មានទាំងសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងប័ណ្ណកម្មសិទ្ធិ ដែលត្រូវបានគេរំលោភយកគ្រប់គ្រងជាច្រើនឆ្នាំ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ពេលនេះពួកគាត់បានទទួលយក ដីឡូត៍មកគ្រប់គ្រងស្របច្បាប់ យ៉ាងយុត្តិធម៌ជាបណ្ដើរៗ វិញខ្លះហើយ បន្ទាប់ពីក្រុមការងារចម្រុះដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្រោមការដឹកនាំចង្អុលបង្ហាញចំគោលដៅនៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាក់ស្ដែង ក្រោយទទួលបានដីឡូត៍មកគ្រប់គ្រងស្របច្បាប់យ៉ាងយុត្តិធម៌ មានជាង៦០០ក្បាលដី ក្នុងចំណោមក្បាលដី សរុបជាង៧០០ក្បាលដី ក្នុងនោះមាន៧គ្រួសារ ដែលមានសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងប័ណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ ពិតជាមានការសប្បាយរីករាយ យ៉ាងក្រៃលែង និងសូមសម្ដែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ (ក្រុមការងារចម្រុះដោះស្រាយទំនាស់ដីធ្លី) ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ទាំងអស់ ជាពិសេសក្រោមការយកចិត្តទុកដាក់ដោះស្រាយរបស់សម្ដេចតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋទាំង៧គ្រួសារ ដែលទទួលបានការដោះស្រាយដីឡូត៍យ៉ាងយុត្តិធម៌ និងស្របច្បាប់ ពីក្រុមការងារចម្រុះដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ សូមគោរពជូនពរបវរសួស្តី សិរីមង្គល ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាឈ្លាសវៃ មានអាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាពរឹងមាំ ស្ថិរភាព វឌ្ឍនភាព សម្បូរសប្បាយរុងរឿងជាដ៏រាប។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក្រោមការយកចិត្តទុកដាក់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, រដ្ឋបាល នៃក្រុមការងារចម្រុះដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ បានសម្រេចដកហូតយកដីឡូត៍ ដែលឈ្មោះ គង់ ទី រំលោភយកគ្រប់គ្រងជាច្រើនឆ្នាំ លើសពីការសម្រេចឲ្យរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មកប្រកាសប្រគល់ជូនក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំង៧គ្រួសារ រួមមាន៖
ទី១៖លោក ទី រ៉ាប៉ុស កាន់កាប់ឡូត៍លេខ៥១ ផ្លូវលេខ១៧១៩, ទី២៖លោក បាន ម៉េងទូច កាន់កាប់ឡូត៍លេខ៤៤-៤៦ ផ្លូវលេខ១៧២១ តំណាងឲ្យឈ្មោះ សៀង រតនា, ទី៣៖លោក ងិន ឃន កាន់កាប់ឡូត៍លេខ៤៩ ផ្លូវលេខ១៧១៩, ទី៤៖លោកស្រី ស៊ាក សែម កាន់កាប់ឡូត៍លេខ៤៧ ផ្លូវលេខ១៧១៩ តំណាងឲ្យឈ្មោះ អ៊ូ ស៊ុនវ៉ាន់, ទី៥៖លោក ហាក់ ម៉ាលី កាន់កាប់ឡូត៍លេខ៤៨ ផ្លូវលេខ១៧២១, ទី៦៖លោកស្រី សុខ វណ្ណនី កាន់កាប់ឡូត៍លេខ៥០ ផ្លូវលេខ១៧២១ និងទី៧៖លោក ឱម នី កាន់កាប់ឡូត៍លេខ៥៣ ផ្លូវលេខ១៧១៩។
ជាចុងក្រោយ ប្រជាប្រជាពលរដ្ឋទាំង៧គ្រួសារ ក៏ដូចជាពលរដ្ឋរងគ្រោះដ៏ទៃទៀតដែលនៅសេសសល់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ សូមស្នើរយ៉ាងទទូចដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយពន្លឿនការដោះស្រាយឲ្យបានឆាប់ចប់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីពួកគាត់បានចូលកាន់កាប់ស្នាក់អាស្រ័យផល ធ្វើជារបងហ៊ំព័ទ្ធដី និងសាងសង់លំនៅដ្ឋានស្នាក់នៅដើម្បីប្រកបរបរទទួលទានបន្តទៀត ក្រោយពីក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាលរាជធានីភ្នំពេញ បង្អង់ចំណាត់ការ រដ្ឋបាលពាក់ព័ន្ធទីតាំងដីទំនាស់ខាងលើ ជាបណ្ដោះអាសន្ន ដើម្បីទុកលទ្ធភាពឲ្យមន្ត្រីអគ្គាធិការដ្ឋានចុះធ្វើការអង្កេតស្រាវជ្រាវ ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍រដ្ឋបាលរាជធានីភ្នំពេញ និងផលប្រយោជន៍ច្បាប់ ទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៨គ្រួសារផ្សេងទៀត ក្នុងនោះមានឈ្មោះ គង់ ទី ដែលទទួលបានដីមុនក្រោយ ចំនួន២១ឡូត៍រួចមកហើយ (២០គុណ៣០) ពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
សូមបញ្ជាក់ថា ក្រៅពីការថ្លែងអំណរគុណ និងសូមជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, ប្រជាពលរដ្ឋទាំង៧គ្រួសារ ដែលទទួលបានដីឡូត៍មកគ្រប់គ្រងវិញស្របច្បាប់ និងយុត្តិធម៌ សូមថ្លែងអំណរគុណ និងសូមជូនពរចំពោះ (ក្រុមការងារចម្រុះដោះស្រាយទំនាស់ដីធ្លី) ទាំងអស់ផងដែររួមមាន៖ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, សាលាដំបូងរាជធានីភ្នំពេញ, សាលារាជធានីភ្នំពេញ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌឫស្សីកែវ, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ, អាជ្ញាធរសង្កាត់-ភូមិ-ក្រុម និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕