(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ចំនួន២ម៉ឺនដុល្លារអាមេរិក របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងរបស់សម្តេច ចុះសួរសុខទុក្ខចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួសនៅតាមមន្ទីរពេទ្យ និងស្រុកកំណ;តរបស់ជនរងគ្រោះនីមួយៗ។
ជាក់ស្តែងនៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ គណៈប្រតិភូដែលដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងជនរងគ្រោះ ក្នុងនោះស្លាប់៧នាក់ នៅស្រុកជុំគិរីចំនួន៣នាក់, ស្រុកទឹកឈូចំនួន៣នាក់ និងស្រុកឈូកចំនួន១នាក់នៃខេត្តកំពត និងអ្នករបួស១៧នាក់ទៀត មាននៅខេត្តកំពត១៥នាក់ និងខេត្តតាកែវ២នាក់។
ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានអញ្ជើញចុះសួរសុខទុក្ខអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កែប និងកំពតផងដែរ ដោយបានផ្តល់ថវិកា គ្រឿងបរិភោគ និងសម្ភារមួយចំនួនទៀត ជាពិសេសជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយឡើងវិញ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវព្រះរាជបន្ទូលរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ៉ាងក្រៃលែង ចំពោះសោកនាដកម្មដែលបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះទាំងអស់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពជនរងគ្រោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត ក៏បានថ្លែងពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។
សូមជម្រាបថា ខណៈលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួសនៅតាមមន្ទីរពេទ្យ និងស្រុកកំណើតរបស់ជនរងគ្រោះនីមួយៗ ក៏មានគណៈប្រតិភូថ្នាក់ដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងមន្ត្រីកាកបាទក្រហមកម្ពុជា បានចុះទៅតាមទីតាំងនៃគោលដៅនីមួយៗ នៃគ្រួសារសព និងអ្នករងគ្រោះទាំង៥៩នាក់នេះផងដែរ។
គួរបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រទានដល់ក្រុមគ្រួសារអ្នកស្លាប់ទាំង៣៦នាក់ ក្នុងម្នាក់ៗថវិកា៤០០ដុល្លារអាមេរិក អង្ករ១២០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង និងទឹកក្រូច៥កេស។
ប្រទានដល់អ្នករងរបួស២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងគេហដ្ឋាន ក្នុងម្នាក់ៗថវិកា២៤៣ដុល្លារអាមេរិក មី២កេស ទឹកដោះគោប្រអប់ ២ប្រអប់ ស្ករស ៤គីឡូក្រាម ត្រីខ២០កំប៉ុង និងឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២)។
ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានចូលរួមរំលែកមរណទុក្ខ សួរសុខទុក្ខ ព្រមទាំងនាំយកស្បៀង សម្ភារ និងថវិកា ផ្តល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះនៅតាមខេត្តរៀងៗខ្លួន និងនៅមន្ទីរពេទ្យផងដែរ៕