(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីញអបអរសាទរ ខួប៤១ឆ្នាំ ទិវាជ័យជម្នះ ៧មករា ដោយមានអ្នកចូលរួមចំនួន ៩០នាក់ ក្នុងនោះមាន ប្រជាពលរដ្ឋខ្មែរ និស្សិត និងកម្មសិក្សាការី (ពលករ)ផងដែរ ដើម្បីរំលឹកពីជ័យជម្នះដែលជាតិ និងប្រជាជនកម្ពុជា បានរួចរស់ជីវិតពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
មីទ្ទីញនេះ បានរៀបចំឡើងកាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ លោក អ៉ឹង រចនា ឯកអគ្គរាជទូតនៃព្រះកម្ពុជាប្រចាំប្រទេសជប៉ុន បានពន្យល់អំពីអត្ថន័យនៃទិវា៧មករា និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៤១ឆ្នាំកន្លងទៅនេះ ជាពិសេសការដាក់ចុះអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា ហើយបានផ្តល់ឱកាសពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
លោក អ៉ឹង រចនា បានលើកឡើងពីបទពិសោធន៍ របស់កម្ពុជាដែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការឆ្លងកាត់អំពើប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ ជីវិតពលរដ្ឋខ្មែរជាង ៣លាននាក់ ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែជាតិនិងប្រជាជនកម្ពុជា ត្រូវបានសង្គ្រោះនៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ក្រោមការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ លោកបានគូសបញ្ជាក់ថា សន្តិភាពពេលលេញ ដែលកម្ពុជាមាននៅពេលនេះ គឺរកបានមកដោយពិបាក ហើយបច្ចុប្បន្នកម្ពុជាបាននឹងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍរីកចម្រើន បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងក្លាយជាប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០២៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក អ៉ឹង រចនា បានបញ្ជាក់ថា៖ «ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច ប្រទេសជាតិមាន ការអភិវឌ្ឍរីកចម្រើន យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សា ការពារសន្តិភាព និងស្ថិរភាពឱ្យបានគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ។ សូមបងប្អូនចូលរួមលើកកម្ពស់សាមគ្គីភាព និងពង្រឹងឯកភាពជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារអធិបតេយ្យភាពជាតិ»។
ជាមួយគ្នានេះ អ្នកចូលរួមក្នុងកម្មវិធីរំកខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា បានសម្តែងការដឹងគុណចំពោះថ្ងៃជ័យជម្នះ ៧មករា ហើយបានបញ្ជាក់ថា «បើគ្មានថ្ងៃ៧មករា ពួកគាត់ក៏គ្មានថ្ងៃនេះដែរ»។ កម្ពុជាមានសុខ សន្តិភាពពេញលេញ សន្តិភាពបាននាំមកនូវការអភិវឌ្ឍ ហើយបានស្នើសុំឱ្យមានការចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ បន្ទាប់ពីកម្មវិធីនេះ ស្ថានទូតក៏បានរៀបចំនំបញ្ចុក ដើម្បីទទួលប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីនេះផងដែរ។
នៅក្នុងក្របខ័ណ្ឌនៃការប្រារព្ធពិធីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧មករា លោកអ៉ឹង រចនា ដែលប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុនផងនោះ ក៏បានរៀបចំពិធី ប្រកាសទទួលស្គាល់ និងចែកជូនប័ណ្ណសំគាល់សមាជិក-សមាជិកាគណបក្ស ប្រជាជនចំនួន៥៨រូប។ នេះជាការចូលរួមលើកដំបូងក្នុងជីវភាពបក្ស របស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការ កម្មសិក្សាការី (ពលករ) និងនិសិត្សខ្មែរនៅប្រទេសជប៉ុន៕