(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីបើកឲ្យដំណើរ ការជាផ្លូវការស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ឬស្លាកលេខរថយន្ត ដែលអាចដាក់ជាឈ្មោះបាន នៅផ្សារទំនើប អ៊ីអន២ សែនសុខ។
សូមរំលឹកថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចចេញអនុក្រឹត្យថ្មីមួយស្តីពីការចុះបញ្ជី ផ្តល់ បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ។ នៅក្នុងអនុក្រឹត្យថ្មីនេះក៏បានបញ្ជាក់ពីការអនុញ្ញាតឲ្យម្ចាស់យានជំនិះ អាចធ្វើស្លាកលេខពិសេស ទៅតាមការចង់បានរបស់ខ្លួនផងដែរ។ ស្លាកលេខពិសេសនេះគឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកស្លាកលេខនេះ ទុកប្រើប្រាស់ពេញមួយជីវិតផងដែរ។ នេះបើយោងតាមការបញ្ជាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងអនុក្រឹត្យនេះបានបញ្ជាក់ថា ស្លាកលេខយានយន្តពិសេសនេះត្រូវសរសេរអក្សរខ្មែរបញ្ជាក់ថា «កម្ពុជា» ពីខាងលើហើយផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខ ឬ/និងអក្សរឡាតាំង មិនលើសពី៨ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាប់ផ្តេក។ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចចុះបញ្ជី និងផ្ទេរកម្មសិទ្ធិផ្តល់បណ្ឌសម្គាល់យានជំនិះ និងស្លាកលេខយានជំនិះស្ថិតនៅក្នុងចង្កោមទី៣។
លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ត្រូវបង់កម្រៃសេវាសាធារណៈ តាមការកំណត់ក្នុងប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមលទ្ធផលនៃការលក់ ឬដេញថ្លៃជាសាធារណៈ។ នីតិវិធីនៃការប្រមូលចំណូលពីលេខចុះបញ្ជីពិសេស លេខចុះបញ្ជី ពិសេសផ្ទាល់ខ្លួន និងការគ្រប់គ្រងចំណូល ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តួចគំនិតក្នុងការធ្វើស្លាកលេខពិសេសនេះឡើង ក្នុងគោលបំណងកៀរគរថវិកាជូនជាតិ ពីអ្នកប្រើប្រាស់យានយន្ត ដែលចង់បានស្លាកលេខពិសេស៕