(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញសាររំលឹកដល់សោកនាដកម្មដែលប្រជាជនកម្ពុជាស្លូតត្រង់ជិត២លាននាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា៖ «ថ្ងៃនេះយើងចងចាំប្រជាជនកម្ពុជាជិត ២លាននាក់ ដែលបានបាត់បង់ជីវិតហើយមានផលប៉ះពាល់ជាច្រើនរាប់មិនអស់ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ប្រជាជនកម្ពុជាបានបង្ហាញនូវភាពរឹងមាំអស់ជាច្រើនទសវត្ស ចាប់តាំងពីសម័យដ៏ខ្មៅងងឹត និងការខិតខំប្តេជ្ញាចិត្ត បាននាំប្រទេសមួយនេះមកដល់សព្វថ្ងៃ»។
ជាមួយនឹងការបង្ហាញសោកនាកម្មនេះ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ហើយដើម្បីធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងវិញ។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ គឺទិវាជ័យជម្នះ ៧មករា លើកទី៤១ ជាតិ និងប្រជាជនកម្ពុជាទាំងមូល រៀបចំប្រារព្ធទិវាជ័យជម្នះនៅទូទាំងប្រទេស និងមានមីទ្ទិញធំ មានមនុស្សរាប់ម៉ឺននាក់ ចូលរួមអបអរសាទរនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីរំឭកពីការរស់ឡើងវិញនៃជាតិកម្ពុជា និងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា៕