(កំពង់ឆ្នាំង)៖ ក្នុងឱកាសប្រារព្ធពិធីខួបលើកទី៤១ នៃទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩-៧ មករា ២០២០» នៅក្រុងកំពង់ឆ្នាំង គេឃើញមានការរៀបចំ កិច្ចការពារសុវត្ថិភាព រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមានការយកចិត្តទុកដាក់រៀបចំរក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខេត្តបានល្អ ជាទីកក់ក្តៅដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំផ្ទាល់របស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋជាច្រើននាក់ បានឲ្យដឹងថា ក្រៅពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍បានយ៉ាងល្អហើយនោះ គេក៏នៅសង្កេតឃើញការអភិវឌ្ឍ សមិទ្ធផលថ្មីៗ ជាច្រើនផងដែរ អំពីស្នាដៃរបស់លោកស្នងការ ដែលធ្វើឲ្យមន្ត្រីថ្នាក់ ក្រោមកោតសរសើរនូវការដឹកនាំរបស់លោកគ្រប់ៗ គ្នាផងដែរ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក្នុងពេលដែលលោកកំពុងត្រួតពិនិត្យកងកម្លាំង មុនពេលចុះបំពេញការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងខេត្ត បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជានិច្ចជាកាលតែងតែរក្សា និងប្រកាន់ខ្ជាប់នូវការល្បាត ពង្រាយកម្លាំងតាមគោលដៅ និងតាមដងផ្លូវនានា ដើម្បីថែរក្សាសន្តិសុខជានិច្ច បើទោះមិនមានពិធីបុណ្យទានអ្វីក៏ដោយ ធ្វើយ៉ាងណារក្សាបាននូវសន្តិសុខសណ្តាប់ជូនសង្គម និងប្រជាពលរដ្ឋ។
ដោយឡែកថ្ងៃនេះ កម្លាំងនគរបាលគ្រប់ផ្នែក រួមជាមួយកងរាជអាវុធហត្ថ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងជុំវិញ កន្លែងប្រារព្ធពិធីបុណ្យជាតិ៧មករា ឆ្នាំ២០២០ សម្ដៅជួយសម្រួលធ្វើយ៉ាងណាឲ្យពិធីមិទ្ទិញប្រារព្ធទៅដោយរលូន ដែលក្នុងនោះមានការចាត់ចែងទីតាំងចំណត រថយន្ត និងម៉ូតូ ច្រកសុវត្ថិភាព ចេញចូលជាដើម។ ទិសដៅសំខាន់ គឺការការពារថ្នាក់ដឹកនាំ និងការពារប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យ រក្សាសណ្តាប់ធ្នាប់ជុំវិញទីតាំងប្រារព្ធពិធី ក្នុងនោះយកចិត្តទុក ដាក់ខ្ពស់សម្ដៅការពារសុវត្ថិភាព ប្រជាពលរដ្ឋឲ្យបាន១០០ភាគរយ។
លោកស្នងការបានបន្តថា ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ត្រូវតែមានការប្រយ័ត្នប្រយែង ក្នុងការការពារសុខសុវត្ថិភាពជូនសង្គម និងពលរដ្ឋឲ្យបានល្អ និងឲ្យទទួលបានជោគជ័យ បើទោះបីជាពិធីបុណ្យនេះ យើងធ្លាប់បានប្រារព្ធធ្វើជាច្រើនដងកន្លងមក ទទួលបានជោគជ័យជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែកម្លាំងមានសមត្ថកិច្ចនគរបាល មិនត្រូវមានការធ្វេសប្រហែសក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលចូលរួមក្នុងពិធីបុណ្យនេះឡើយ៕