(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ ចាប់ខ្លួននិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ តាមដីការបស់ចៅក្រមស៊ើបសួរ ពាក់ព័ន្ធលើសំណុំរឿង ចេញសែកគ្មានសាច់ប្រាក់។
ជនត្រូវចោទដែលត្រូវចាប់ខ្លួនរាមដីកាតុលាការនេះ មានឈ្មោះ សឿង រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ។ ជនត្រូវចោទរូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យចាប់យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយយោងតាមបញ្ញត្រិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ សឿង រតនា គឺយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចទី៣ នៃសេចក្តីសម្រេចបានបញ្ជាក់យ៉ាងច្បាស់ថា «បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនេះ (ឈ្មោះ សឿង រតនា) និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លី។»
ប៉ុន្តែករណីនេះ បន្ទាប់ពីចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅតុលាការ ស្រាប់តែលោកចៅក្រមស៊ើបសួរ រស់ ពិសិដ្ឋ សម្រេចចេញដីកាដោះលែងជនត្រូវចោទ ដោយដាក់ថា «សម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការ» ដែលនគរបាលខំតាមចាប់នោះឲ្យត្រឡប់ទៅផ្ទះវិញ ដោយមានរថយន្តដ៏ទំនើបមករង់ចាំទទួល នៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០៕