(ភ្នំពេញ)៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ គឺជាខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ថ្ងៃដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យ របបដឹកនាំដោយក្រុមប្រល័យពូជសាសន៍ ប៉ុល ពត ខៀវ សំផន អ៊ាង សារី និង នួន ជា ដ៏សែនឃោរឃៅនោះ។
នៅព្រឹកថ្ងៃនេះប្រជាពលរដ្ឋខ្មែរជាង៣ម៉ឺននាក់ នឹងជួបជុំគ្នា នៅលើបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ថ្ងៃរស់រានមានជីវិតជាថ្មីរបស់ពួកគេ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញជាអធិបតីនៃការប្រារព្ធពិធីអបអរសាទរថ្ងៃជោគជ័យដ៏មហាឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនខ្មែរនេះ។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេសគឺវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលអ្នកតស៊ូខ្មែរ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត វាយផ្តួលរំលំដោយជោគជ័យលើរបបខ្មែរក្រហម របបកម្ពុជាប្រជាធិបតេយ្យដ៏សែនប្រល័យ។
ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ផ្តើមចេញពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះហើយ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា រស់រានមានជីវិតជាថ្មី និងជាជំហាននាំឱ្យជាតិកម្ពុជា វិវឌ្ឍន៍ពីសភាពជានរកអវចីយ មកជាប្រទេសមានការរីកចម្រើន និងវឌ្ឍនភាពដ៏ចាំងចែងដូចពេលបច្ចុប្បន្ន។
ក្នុងរយៈពេល៤១ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សមិទ្ធិផលជាតិច្រើនឥតគណនា បានកើតឡើង។ ជាតិកម្ពុជា បានប្រែក្លាយពីប្រទេសខ្ទេចខ្ទាំ ប្រែក្លាយពីគំនរផេះផង់ មកជាទឹកដីមានការរីកចម្រើនរស់រវើក ស្រស់បំព្រង និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
រយៈពេល៤១ឆ្នាំនេះ កម្ពុជាទទួលបានូវសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជាច្រើនមានដូចជា៖
ទី១៖ ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ហើយបដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។
ទី២៖ ប្រជាជនកម្ពុជា បានទទួលមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដ ហើយបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងការស្តារ និងកសាងជាតិលើគ្រប់វិស័យ ឈរលើការប្រកាន់ខ្ជាប់នូវគោលការណ៍ជាសកលនៃការគោរពសិទ្ធិមនុស្ស និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបង្ហាញច្បាស់តាមរយៈការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ទី៣៖ សន្តិភាព និងការបង្រួបបង្រួមជាតិគឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា មករដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុង បង្រួបបង្រួមខ្មែរពីគ្រប់និន្នាការនយោបាយរួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈគោលនយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅភូមិជាយក្រុងប៉ារីស Fere en Tadanois ប្រទេសបារាំង ហើយឈរលើមូលដ្ឋាននៃជំនួបចរចាដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទី៤៖ នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារស្នួល ៣៖ គឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។
អាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃប្រវត្តិសាស្ត្រដ៏ធំធេង ដែលរដ្ឋាភិបាលបានកំណត់យក «ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្ន-ឈ្នះ» ហើយបានកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចារិកការចងចាំ និងតម្កល់ទុកនូវនិមិត្តរូបវត្ថុតាងនានាដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូររំដោះប្រទេសជាតិ និងសមិទ្ធិផលនៃការកសាង និងការពារមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ជំនាន់តរៀងទៅ។
កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនយ៉ាងរហ័សក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។
ទំហំនៃការវិនិយោគទាំងផ្នែកសាធារណ និងផ្នែកឯកជនមានការកើនឡើងយ៉ាងខ្លាំង។ ផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្តារ និងស្ថាបនាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស។ រោងចក្រ កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារខ្ពស់ៗ ត្រូវបានកសាងកាន់តែច្រើនឡើងៗ ដែលផ្តល់ការងារជូនប្រជាជនរាប់លាននាក់នៅគ្រប់ទិសទី។
អត្រាភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨។ ជាមួយនឹងសមិទ្ធកម្មនៃ កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន វាក៏បានបង្ហាញឱ្យឃើញនូវកំណើនចំណូលសរុបសម្រាប់មនុស្សៗ (GDP per Capita) បានកើនឡើងដល់១៧០៦ដុល្លារ ក្នុងឆ្នាំ២០១៩ ធៀបនឹង ១៥៦៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨កន្លងមក។ ទៅអនាគត កម្ពុជាដែលធ្លាប់តែមានសេដ្ឋកិច្ចអន់ថយក្នុងអតីតកាល ច្បាស់នឹងបានរួចចាកចេញផុតពីឋានៈជាប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕