(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ជាប្រធាន បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ ក្នុងសោកនាដកម្មរលំអគារ ក្នុងខេត្តកែប។ នេះបើតាមសារលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
សារលិខិតរំលែកទុក្ខរបស់ លោក អ៉ឹម ឈុនលឹម បានឲ្យដឹងថា «ខ្ញុំព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ មានសេចក្តីក្រៀមក្រំសោកសៅឥតឧបមា ចំពោះសោកនាដកម្ម នៃការរលំបាក់អគារ នៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង០៤៖៣០នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ និងដែលបានធ្វើឲ្យមានការស្លាប់ និងរបួសធ្ងន់ស្រាលដល់កម្មករ កម្មការិនីជាច្រើនរូប ដែលកំពុងបម្រើការងារនៅការដ្ឋានសំណង់ ក្នុងមូលដ្ឋានខាងលើ»។
ជាទីបញ្ចប់នេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារទាំងអស់របស់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុនេះ និងសូមបួងសួងវិញ្ញាណក្ខន្ធ របស់កម្មករ កម្មការិនី ដែលបានបាត់បង់ជីវិតទៅ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមជូនពរដល់កម្មករ កម្មការិនី ដែលមានរបួសធ្ងន់ស្រាលទាំងអស់ សូមបានឆាប់ជាសះស្បើយឡើងវិញ ក្នុងពេ ឆាប់ៗខាងមុខនេះ។
តាងនាមក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ដែលបានបំពេញភារកិច្ច ដ៏ស្រាក់សស្រាំក្នុងប្រតិបត្តការជួយសង្គ្រោះនេះ ជាពិសេសគឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយផ្ទាល់ និងទាន់ពេលវេលាបំផុត ដល់ទីកន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ប្រជាពលរដ្ឋ ដោយស្មោះ ដែលកាយវិការនេះ គឺជាការបង្ហាញនូវការទទួលខុសត្រូវខ្ពស់ នៃសម្តេចតេជោ ចំពោះសុខទុក្ខប្រជាជន ដែលសម្តេចតេជោតែងនៅជិតជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ករណីរលំអគារនេះ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ (ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)៕