(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីដែលមានកំណើតចេញពី កូនកសិករគឺតែងដឹងទុក្ខធុរ:របស់ប្រជាជន និងនៅជាមួយប្រជាជនគ្រប់ពេលវេលា។ ជាចរិតធម្មជាតិរបស់សម្តេចតេជោ ហ៊ុន សែន កន្លែងណាដែលលំបាក និងមានបញ្ហាគឺលោកតែងចូលកៀកជានិច្ច ហើយមិនដែលមានទម្លាប់បោះបង់ចោលម្តងណាឡើយ។
ចាប់តាំងពីតរុណវ័យមកពេលនេះសម្តេច លោកបានដាក់ខ្លួនបម្រើប្រទេសជាតិ និងប្រជាជនដោយមិនបានគិតពីសេចក្តីសុខផ្ទាល់ខ្លួនទេ។ ទុក្ខរបស់ប្រជាជនគឺជាទុក្ខរបស់សម្តេច។
កម្ពុជាពិតជាមានសំណាងណាស់ ដែលមានមេដឹកមានប្រវត្តិតស៊ូតាំងពីនៅជាយុវវ័យ ឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់ ដែលជាហេតុនាំអោយលោកមានបទពិសោធន៍ និងស្គាល់ច្បាស់ពីចរន្តនយោបាយពិភពលោកនិងនយោបាយជាតិ ជាពិសេសដឹងពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្លួន។
ការចំណាយពេល៤០ម៉ោង នៅជាមួយហេតុការណ៍បាក់ស្រុតអគារ ដើម្បីបញ្ជានិងតាមដានការសង្គ្រោះជីវិតប្រជាពលរដ្ឋរងគ្រោះ របស់សម្តេចតេជោពេលនេះ បើប្រៀបធៀបទៅនឹងសកម្មភាព តស៊ូធ្វើពលីកម្មរំដោះប្រទេសជាតិកាលពីជាង៤០ឆ្នាំមុន ដែលលោកធ្លាប់បានឆ្លងកាត់សមរភូមិប្រយុទ្ធ ដល់ទៅ១០៥សមរភូមិ គឺសម្តេចលោកសមជាមួយ នឹងស្ថានការណ៍បែបនេះឆ្អែតឆ្អន់អស់ទៅហើយ មិនបណ្តាលអោយលោកពិបាកក្នុងការទ្រាំនោះទេ។
ក្នុងបេសកកម្មនេះ សម្តេចលោកអត់បានទទួលទានបាយ២៤ម៉ោង គឺបានត្រឹមទឹកប៉ុណ្ណោះ។ ឯពេលវេលាសម្រាកក៏មិនមានថែមទៀត។ ស្ថិតក្នុងវ័យ៦៨ឆ្នាំទៅហើយ ប្រសិនបើជាមនុស្សមិនធ្លាប់បានឆ្លងកាត់ការលំបាក សុខភាពមិនអំណោផល គឺពិតជាមិនអាចទ្រាំបានជាដាច់ខាត។ ប៉ុន្តែចំពោះសម្តេចលោកមិនបានបញ្ហាអ្វីទាំងអស់និងនៅតែរឹងមាំដដែល។ ស្នាមញញឹមនិងទឹកមុខស្រងូតស្រងាត់របស់សម្តេចពិតជាលាយឡំគ្នា។
សម្តេចលោកញញឹមពេលបានឃើញ មានការសង្គ្រោះបងប្អូនចេញពីគំនរថ្ម និងនៅរស់រានមានជីវិត លោកក៏ខំស្ទុះស្ទាទៅត្រកងបី យកក្រមាពីខ្លួនលោកទៅបាំងថ្ងៃ អោយអមដោយភាសាផ្តល់ភាពកក់ក្តៅ ដែលជាកាយវិការដូចឪពុកមើលថែកូន ជាទីស្រលាញ់យ៉ាងដូច្នោះ។ សម្តេច លោកមានទឹកមុខស្រងូតស្រងាត់ និងហូរទឹកភ្នែកគឺនៅពេលឃើញ សាកសពបងប្អូនកម្មករបានយកចេញពីកំនរថ្ម។
គ្រប់សកម្មភាព និងឥរិយាបថរបស់សម្តេចពេលនេះ គឺពិតជាបានធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេស រំភើបហូរទឹកភ្នែក ដោយក្តីគោរព ស្រលាញ់និងអាណិតសម្តេច ដែលលោកមិនបានសម្រាក និងទទួលទានអាហារដោយបារម្ភ អំពីបញ្ហាសុខភាពរបស់សម្តេច។
សម្តេចតេជោហ៊ុនសែនគឺជាមេដឹកនាំ ដែលបានផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅបំផុតដល់ប្រទេសជាតិ និងប្រជាជននិងជាមេដឹកនាំគំរូល្អបំផុត សម្រាប់មនុស្សជំនាន់ក្រោយៗយកគំរូតាម ។ សូមវត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា តាមថែរក្សាសម្តេចអោយមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន