(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ដឹកនាំក្រុមការងារមន្ត្រីរាជការក្រោមឱវាទ បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន ដែលតាមរយៈទទួលបានពីការបរិច្ចាគ ពីសប្បុរសជននានា ប្រគល់ជូនអ្នករងរបួសធ្ងន់២នាក់ រស់នៅស្រុកទ្រាំង ខេត្តតាកែវ និងស្រុកជុំគិរី ខេត្តកំពត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០ដុល្លារសហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះជនរងគ្រោះទាំងពីរខាងលើ ដើម្បីសំដែងសមានចិត្ត ចូលរួមរំលែកទុក្ខផងដែរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ថវិកាដែលនាំយកមកប្រគល់ដល់ដៃអ្នករងគ្រោះទាំងពីរនេះ គឺក្នុងនាមសប្បុសធម៌ បានមកពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិ ពីសប្បុរជននានា ដើម្បីជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយ ឈាមជ័រតែមួយ។
ជាមួយគ្នានេះដែរ ជនរងគ្រោះទាំងពីរនាក់ខាងលើ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំល្អ ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងពេលវេលាណាមួយឡើយ និងដោយមិនមានការរើសអើងអ្វីឡើយ៕