(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងដោយមានការចូលរួមពីព្រះមេគណខេត្តព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ចូលរួមគោរពវិញ្ញាណក្ខន្ធ សព កម្មករម្នាក់រស់នៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប និងបាននាំយកថវិកាគ្រឿង ឧបភោគបរិភោគទៅចូលរួមបុណ្យសពនេះផងដែរ។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលក្រៃលែងនេះលោក សុខ លូ បាននាំនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រលាញ់ស្មើកែវភ្នែក ដែលកំពុង ស្រលាញ់ពេញបេះដូង ក៏ដូចជាបាត់បង់នូវធនធានមនុស្សដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ហើយក្នុងករណីនេះពិតជាក្តុកក្តួលក្រៃលែងដែល ក្រុមគ្រួសារនេះបានខិតខំធ្វើការហើយជួបរឿងអកុសលបែបនេះ លោកសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពបានទៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនថាក្នុងកាលៈទេសៈ ឬពេលវេលាណាមួយឡើយ និងសូមគោរពជូនពរសម្តេច និងក្រុមការងារមានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត។
សូមបញ្ជាក់ថា បុរសជាកម្មករឈ្មោះ សេង ប៉េងអាន កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៩៨ រស់នៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានម្ដាយ ឈ្មោះ ហៀង រុំ ឪពុកឈ្មោះ សេង រើន និងមាគូរដណ្តឹង ភួត ជីន មានទីលំនៅភូមិឃុំខាងលើជាមួយនឹងបុរសដែលបានស្លាប់ ដោយសារឧប្បវហេតុរលំបាក់អាគារ៧ ជាន់នៅខេត្តកែប។ សពលោក សេង ប៉េងអាន ត្រូវបានរថយន្តកងយោពលខេមរភូមិន្ទដឹកយកមកដល់គេហដ្ឋាន នៅយប់វេលាម៉ោង១៖១០នាទី និងបូជាវេលាម៉ោង៨ ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៕