(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៊ិនប៉ិច បានផ្ញើសារលិខិត សូមចូលរួមរំលែកមរណទុក្ខ យ៉ាងជ្រាលជ្រៅប្រកបដោយសេចក្តីសង្វេគជាពន់ពេកជាមួយក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ បាក់រលំអគារ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅក្នុងខេត្តកែប។
ជាមួយគ្នានះ គណបក្សហ្វ៊ុនស៊ិនប៉ិក ក៏សូមជូនពរដល់អ្នករងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមបានជាសះស្បើយ និងមានសុខភាពល្អជាធម្មតាវិញ នាពេលឆាប់ខាងមុខនេះ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងក្នុងការរុករកជួយសង្គ្រោះជនរងគ្រោះ របស់កងកម្លាំងគ្រប់ប្រភេទផងដែរ។
លើសពីនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច មានជំនឿយ៉ាងមុតមាំ និងគាំទ្ររាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ដើម្បីជម្នះលើការប្រឈមចំពោះមុខ នៃហេតុការណ៍ដ៏សោកសង្រេងនេះ។
សូមបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ នៃហេតុការបាក់រលំអគារនៅខេត្តកែប ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕