(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅ អគាររោងចក្រមួយកន្លែង របស់លោក Tang Jun ជនជាតិចិន ដែលជួលដីពីក្រុមហ៊ុន កាណាត្រាស ឯ.ក មានទីតាំងស្ថិតនៅ ផ្លូវអ៊ុតធី ភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្រោយពីពិនិត្យឃើញថា សំណង់នេះកំពុងស្នើសុំលិខិតអនុញ្ញាតសាងសង់ នៅក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយបច្ចុប្បន្នសំណង់រោងចក្រ ត្រូវបានក្រុមហ៊ុន Han Wei (Cambodia) Co., Ltd ជួល និងបានដំណើការផលិតបាតស្បែកជើង។
បើតាមមន្ត្រីជំនាញបានឲ្យដឹងដែរថា សំណង់នេះសាងសង់មិនស្របតាមបទដ្ឋានបច្ចេកទេស ដែលបានធ្វើសំណើមកមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមិនបានស្តាប់តាមការហាមឃាត់របស់មន្ទីរ ដែលមិនឱ្យសាងសង់ជាច្រើនលើកមកហើយ ប៉ុន្តែការសាងសង់នៅតែបន្តធ្វើ ដោយមិនបានស្តាប់ការណែនាំ របស់ជំនាញនោះទេ ។
នៅកន្លែងរោងចក្រផ្ទាល់ លោក វ៉ី សំណាង អភិបាលខេត្តបានផ្តល់អនុសាសន៍មួយចំនួន៖
១៖ ក្រុមហ៊ុនត្រូវបញ្ឈប់ការសាងសង់ជាបន្ទាន់។
២៖ ក្រុមហ៊ុនត្រូវបញ្ឈប់ការជួលអគារនេះ ដោយជ្រើសរើសកន្លែងផ្សេង ដើម្បីដំណើរអាជីវកម្មរបស់ខ្លួន។
៣៖ នាយកក្រុមហ៊ុន ដែលជាអ្នកជួលអគារ ត្រូវជូនដំណឹងទៅម្ចាស់អគារ អំពីវិធានការណ៍ច្បាប់របស់ គណៈកម្មការខេត្ត ត្រួតពិនិត្យការសាងសង់។
៤៖ ម្ចាស់សំណង់ ត្រូវផ្អាកការប្រើប្រាស់សំណង់អាគារ រង់ចាំក្រុមការងារបច្ចេកទេស ក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ ចុះពិនិត្យវាយតម្លៃគុណភាពសំណង់អាគារ មានលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងត្រឹមត្រូវ ត្រូវស្នើសុំមន្ត្រីបច្ចេកទេស ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យគុណភាពសំណងអគារជាមុន មុនធ្វើការសាងសង់៕