(ភ្នំពេញ)៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងសាររំលែកទុក្ខជាមួយក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះ ដែលបណ្តាលមកពីការបាក់អគារ នៅខេត្តកែប។ នេះបើយោងតាមសារលិខិតរំលែកទុក្ខ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសារលិខិតរំលែកទុក្ខនេះ គណៈសង្ឈនាយក បានសម្តែងនូវការសោកស្តាយ និងអារម្មណ៍សោកសៅយ៉ាងក្រៃលែងចំពោះឧបទ្ទវហេតុបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដែលបណ្តាលឱ្យកម្មករ កម្មការិនីស្លាប់ និងរងរបួសមួយចំនួន។ គណៈសង្ឈនាយកចាត់ទុកថា នេះជាសោកនាដកម្មដ៏អកុសល និងអាក្រក់ជាទីបំផុត ដែលយើងទាំងអស់គ្នាមិនចង់ឃើញមិនចង់ឮ និងមិនចង់ជួបសោះឡើយ។
សារលិខិតរំលែកទុក្ខ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈសង្ឃនាយក សូមចូលរួមចំណែករំលែកទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយយ៉ាងពន់ប្រមាណចំពោះការបាត់បង់ជីវិត និងការរងរបួសរបស់ជនរងគ្រោះប្រកបដោយមនោសញ្ចេតនា និងសមានចិត្តដ៏ជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសព និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់។ សូមបដិសន្ធិវិញ្ញាណរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំងនោះ បានទៅប្រតិស្ថានក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
«សូមជូនពរចំពោះជនរងគ្រោះដែលរងរបួស ហើយកំពុងសម្រាកព្យាបាលសុខភាពទាំងអស់មានសុខភាពល្អ ស្មារតីរឹងមាំ និងឆាប់ជាសះស្បើយពីរបួសស្នាម»។ គណៈសង្ឈនាយក គូសបញ្ជាក់បន្ថែម។
ក្នុងនោះដែរគណៈសង្ឃនាយក បានកោតសរសើរអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់នូវកម្លាំងកាយចិត្ត សម្ភារៈ និងបញ្ញាញាណមិនខ្លាចនឿយហត់ និងមិនចេះរីងស្ងួតជួយសង្គ្រោះដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ និងរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់ទិសទី និងគ្រប់ពេលវេលាទាំងអស់។
គណៈសង្ឈនាយក សូមជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រីនិងចៅៗ មានសុខភាពល្អ អាយុយឺនយូរ បញ្ញាញៀសវៃ និងសម្រេចបានជោគជ័យក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕
ខាងក្រោមនេះ ជាសារលិខិតរំលែកទុក្ខរបស់គណៈសង្ឈនាយកនៃកម្ពុជា៖